ទំហំពាណិជ្ជកម្មចិន-អាមេរិកហក់ឡើងដល់កម្រិតខ្ពស់បំផុត ទោះបីជា កម្តៅ​នយោបាយមហាអំណាចទាំង២កើនឡើង

ដោយ: គង់ លាងហួរ

ហុងកុង: ទំហំពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនបានឈានដល់កម្រិតខ្ពស់បំផុតនៅឆ្នាំ២០២២ ទោះបីជាមានភាពតានតឹងផ្នែកនយោ​បាយរវាងមហាអំណាចទាំង២យ៉ាងណាក្តី។

ទំហំពាណិជ្ជកម្មទំនិញទ្វេរភាគី រវាងប្រទេសទាំងពីរបានកើនឡើងដល់៦៩០,៦ពាន់លានដុល្លារកាលពីឆ្នាំមុន។ នេះបើយោងតាមទិន្នន័យផ្លូវការរបស់សហរដ្ឋអាមេរិក ដែលបានចេញផ្សាយកាលពីថ្ងៃអង្គារ ម្សិលមិញនេះ។

ការនាំចេញរបស់អាមេរិកទៅកាន់ប្រទេសចិន បានកើនឡើងចំនួន២,៤ពាន់លានដុល្លារ ដល់១៥៣,៨ពាន់លានដុល្លារ ខណៈដែលការនាំចូលផលិតផលរបស់ចិន បានកើនឡើង៣១,៨ពាន់លានដុល្លារដល់៥៣៦,៨ពាន់លានដុល្លារ ។នេះបើយោងតាមការិយាល័យវិភាគសេដ្ឋកិច្ចអាមេរិក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមអ្នកវិភាគលើកឡើងថា “ទិន្នន័យនេះបង្ហាញថា គំនិតនៃការផ្តាច់ចំណង ឬកាត់បន្ថយការពឹងផ្អែកទៅវិញ ទៅមកនៅក្នុងផ្នែកជាច្រើន គឺបង្ហាញឱ្យឃើញកាន់តែច្រើន នៅក្នុងការពិភាក្សាគោលនយោបាយ នៅទីក្រុងវ៉ាស៊ីនតោន ជាជាងការពិតនៃពាណិជ្ជកម្ម”។

លោក Nick Marro អ្នកវិភាគនាំមុខគេ សម្រាប់ពាណិជ្ជកម្មសកលនៅអង្គភាពស៊ើបការណ៍សេដ្ឋកិច្ច បានប្រាប់សារពត៌មាន CNN ថា “ខ្សែសង្វាក់ផ្គត់ផ្គង់គឺមានភាពស្អិតរមួត ជាពិសេសខ្សែសង្វាក់ដែលភ្ជាប់ទៅនឹងប្រទេសចិន”។

រដ្ឋាភិបាលសហរដ្ឋអាមេរិក កំពុងធ្វើការដើម្បីកាត់បន្ថយការពឹងផ្អែកលើខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនលើប្រទេសចិន ប៉ុន្តែនៅចុងបញ្ចប់ក្រុមហ៊ុនភាគច្រើនយកចិត្តទុកដាក់ ក្នុងការផ្តល់ផលិតផលរបស់ពួកគេ ដល់អ្នកប្រើប្រាស់ឱ្យទាន់ពេលវេលា និងតាមរបៀបដែលមានប្រសិទ្ធភាពបំផុត សម្រា​ប់ប្រតិបត្តិការរបស់ខ្លួន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here