សហព័ន្ធស្រូវអង្ករកម្ពុជាគ្រោងពង្រីកការនាំអង្ករទៅកាន់ទីផ្សារចិនចំនួន៤០ម៉ឺនតោននៅឆ្នាំនេះ

ដោយៈ និស្ស័យ

ភ្នំពេញៈ លោកឧកញ៉ាចាន់ សុឃាំង ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា សម្រាប់អាណត្តិទី៤ សហព័ន្ធ នឹងជំរុញផលិតកម្មស្រូវ និងនាំចេញអង្ករ ដោយកំណត់យកគោលដៅនាំចេញអង្ករចំនួន៧៥ម៉ឺនតោន ក្នុងឆ្នាំ២០២៣ និងឈានដល់១លានតោនក្នុងឆ្នាំ២០២៥។

ក្នុងផែនការនោះ សហព័ន្ឋនឹងពង្រីកទីផ្សារបន្ថែមទៅកាន់ប្រទេសចិន ឱ្យបានច្រើនជាង៤០ម៉ឺនតោនផងដែរ សម្រាប់ឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបការងារ កាលពីរសៀលថ្ងៃទី៨ ខែកុម្ភៈកន្លងទៅនេះ នៅទីស្តីការក្រសួង រវាងលោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកឧកញ៉ាចាន់ សុឃាំង បានបញ្ជាក់ថា ឆ្នាំ២០២៣នេះតទៅ យើងនឹងផ្តោតជាពិសេសបន្តធ្វើពិពិធកម្ម ទៅកាន់ទីផ្សារឱ្យបានកាន់តែទូលំទូលាយ ទៅកាន់ទីផ្សារថ្មីៗបន្ថែមទៀត រួមមាន សហរដ្ឋអាមេរិក កាណាដា មជ្ឈឹមបូព៌ា សិង្ហបុរី ហុងកុង ប្រទេសឥណ្ឌូនេស៊ី ។ល។ ព្រមទាំងផ្សព្វផ្សាយម៉ាកអង្ករ ដែលមានចុះបញ្ជីរួច ដូចជា ម៉ាកវិញ្ញាតកម្ម “ម្លិះអង្ករ” និងម៉ាកសមូហភាព “SKO” និងអង្ករដំណើបស្បៃមង្គល “DSMK”។

លោកបានឲ្យដឹងទៀតថា សហព័ន្ធមានផែនការ បន្តពង្រឹងអភិបាលកិច្ចនៃកិច្ចដឹកនាំរបស់សហព័ន្ធ ដោយរៀបចំផែនការយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ (២០២៣-២០២៧) និងបន្តសហការជាមួយក្រសួងពាណិជ្ជកម្ម តាមរយៈក្រុមហ៊ុនហ្គ្រីនត្រេដ ក្នុងការបើកច្រកទីផ្សារថ្មីៗ ជាពិសេសទីផ្សារប្រទេ​សហ្វីលីពីន ព្រមទាំងពង្រីកទីផ្សារនាំចេញសក្តានុពលដទៃទៀត តាមរយៈការចូលរួមការតាំងពិព័រណ៍ពាណិជ្ជកម្មនៅក្រុងឌូបៃ អេមីរ៉ាតអារ៉ាប់រួម (នាខែកុម្ភៈ) ប្រទេសថៃ (នាខែឧសភា) និងប្រទេសអាឡឺម៉ង់ (នាខែតុលាខាងមុខ) ក៏ដូចជា ក្នុងដំណើរទស្សនកិច្ចពាណិជ្ជកម្មទៅតំបន់ និងប្រទេសគោលដៅមួយចំនួនទៀត ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន ហុងកុង សហរដ្ឋអាមេរិក កាណាដា និងប្រទេសអូស្រ្តាលីជាដើម។

លោករដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានមានប្រសាសន៍ថា វិស័យស្រូវអង្ករនៅកម្ពុជា ជាវិស័យមួយដែលរាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោនាយ​ករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ជាអាទិភាពបំផុត ហើយសម្តេចតែងតែយកវិស័យស្រូវអង្ករនេះជាប្រធានបទ និងជាមូលវិចារសំខាន់សម្រាប់ជជែកពិភា​ក្សាក្នុងកិច្ចសន្ទនា ជាមួយប្រមុខថ្នាក់ដឹកនាំនានា ទាំងទ្វេភាគី និងពហុភាគី។

ជាមួយគ្នានេះ ដើម្បីលើកកម្ពស់ដល់វិស័យនាំចេញអង្ករ ក្រសួងពា​ណិ​ជ្ជកម្ម បាននិងកំពុងខិតខំបើកច្រកទីផ្សារស្រូវអង្ករ និងផលិតផលកែច្នៃ ដែលមានប្រភពវត្ថុធាតុដើម ពីអង្ករបានប្រព្រឹត្តិទៅយ៉ាងសកម្ម តាមរយៈការបញ្ចូលទំនិញទាំងនេះ ទៅក្នុងបញ្ជីទំនិញរបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន (CCFTA) និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ (CKFTA) ព្រមទាំងកិច្ចព្រមព្រៀងសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) និងនៅក្នុងជំនួបពិភាក្សាទ្វេភាគីជាមួយប្រទេសនានា ដូចជាការចុះអនុស្សរណៈយោគយល់ ដើម្បីនាំអង្ករចេញកាន់ទីផ្សារប្រទេសចិន ទីម័រខាងកើត (Timor Lester) ហ្វីលីពីន បង់ក្លាដេស ។ល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here