លោកជំទាវ ជា សិរី : វិស័យមីក្រូហិរញ្ញវត្ថុបានរូមចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុបានរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រនៅកម្ពុជា និងលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ ចំពោះប្រជាជនក្រីក្រ។

លោកជំទាវបានមានប្រសាសន៍បែបនេះ ក្នុងជំនួបជាមួយលោក Dominic Williams ឯកអគ្គរាជទូតចក្រភពអង់គ្លេស ប្រចាំនៅកម្ពុជាកាលពីថ្ងៃទី៧ កុម្ភៈកន្លងមកនេះ។

លោកជំទាវ ជា សិរី បានបន្តថា លើសពីនេះ វិស័យមីក្រូហិរញ្ញវត្ថុបានកាត់បន្ថយភាពងាយរងគ្រោះ ពីការប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលភាគច្រើនមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងអាចឱ្យប្រជាជនប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការសម្រាប់អភិវឌ្ឍអាជីវកម្ម ជាពិសេសសហគ្រាសធុនតូចនិងមធ្យម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ជាមួយគ្នានេះ លោកជំទាវ ជា សិរី បានស្វាគមន៍ឯកឧត្តម Dominic Williams មកបំពេញបេសកកម្មជាឯកអគ្គរាជទូត ចក្រភពអង់គ្លេសប្រចាំនៅកម្ពុជា ចាប់ពីខែសីហា ឆ្នាំ២០២២ មក។

លោកជំទាវបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ចក្រភពអង់គ្លេស មកលើការអភិវឌ្ឍកម្ពុជា ដោយនៅក្នុងវិស័យធនា​គារ អង់គ្លេសបានជួយបណ្តុះបណ្តាលធនធានមនុស្ស តាមរយៈការផ្តល់អាហារូបករណ៍ ការផ្តល់ជំនួយបច្ចេកទេស និងការពង្រឹងសមត្ថភាពលើផ្នែកហិរញ្ញប្បទានបៃតង ការអភិវឌ្ឍដោយគិតគូរពីបរិស្ថាន សង្គមនិងអភិបាលកិច្ច ដែលស្របនឹងគោលដៅរបស់កម្ពុជា និងក្នុងក្របខណ្ឌ ជាពិសេសអាស៊ាន។

លោកDominic Williams បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃការគាំទ្រទាំងនេះ ហើយស្ថានទូតអង់គ្លេសនឹងបន្តសហការគាំទ្រ នៅលើផ្នែកទាំងនេះទៀត និងត្រៀមខ្លួនផ្តល់ការគាំទ្រ ដល់កិច្ចសហប្រតិបត្តិការលើផ្នែកពាក់ព័ន្ធនានា៕

LEAVE A REPLY

Please enter your comment!
Please enter your name here