ជប៉ុនគ្រោងជំរុញឱ្យវិនិយោគិនរបស់ខ្លួនមកបណ្តាក់ទុននៅកម្ពុជា កាន់តែច្រើន

ដោយ: គង់ លាងហួរ

ភ្នំពេញ: សមាគមជប៉ុន-កម្ពុជា (JCA) ប្តេជ្ញាទាក់ទាញវិនិយោគិនជប៉ុនកាន់តែច្រើនមកកម្ពុជា ជាពិសេសក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស។

ការប្តេជ្ញាចិត្តនេះ ធ្វើឡើងដោយលោក Takahashi Fumiaki ប្រធាន JCA និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្នុងជំនួបជាមួយលោកអ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីក្រុងភ្នំពេញ កាលពីថ្ងៃទី៧ ខែកុម្ភៈ។

ថ្លែងក្នុងឱកាសជំនួបនោះ លោក អ៉ិត សំហេង ក៏បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយកម្ពុជា -ជប៉ុនដែលកំពុងរីកដុះដាលផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមវិនិយោគិនជប៉ុនបានបណ្តាក់ទុន ក្នុងវិស័យជាច្រើននៅកម្ពុជា និងបើកឱកាសថ្មីសម្រាប់ប្រជាជនកម្ពុជា រួមទាំងការផ្ទេរចំណេះដឹងបច្ចេ​កទេសដល់កម្ពុជាផងដែរ។

លោក Takahashi Fumiaki បានកត់សម្គាល់សំណើរបស់លោករដ្ឋមន្ត្រី ក្នុងការបណ្តុះបណ្តាលមនុស្ស ចំនួន៥០.០០០នាក់បន្ថែមទៀត ដើម្បីអនុញ្ញាតឱ្យពួកគេ ទៅធ្វើការនៅប្រទេសជប៉ុន ខណៈដែលបច្ចុប្បន្នមានប្រជាជនកម្ពុជា ត្រឹមតែ២០.០០០នាក់ប៉ុណ្ណោះ ដែលកំពុងធ្វើការនៅប្រទេសជប៉ុន។

លោកបានបន្ថែមថា “JCA នឹងរៀបចំខួបលើកទី៧០ នៃទំនាក់ទំនងការទូតកម្ពុជា-ជប៉ុន មិនត្រឹមតែជាការលើកទឹកចិត្ត ដល់មិត្តភាពរវាងប្រទេសទាំង២ប៉ុណ្ណោះទេ ប៉ុន្តែក៏ថែមទាំង ដើម្បីទាក់ទាញវិនិយោគិនជប៉ុនកាន់តែច្រើនមកកាន់ប្រទេសកម្ពុជាផងដែរ”។

លោកអ៉ិត សំហេង ក៏បានថ្លែងអំណរគុណចំពោះភាគីជប៉ុន ដែលបានជួយដល់កម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវឆ្នាំ២០៣៥ របស់រដ្ឋាភិបាលផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here