ធនាគារ SME  ផ្តល់ឥណទានដល់ស្ថាប័នSMEចំនួន២៣១ជាមួយនឹងទំហំទឹកប្រាក់ជាង៥៣លានដុល្លារ

ដោយៈ ម៉ាលីនណា

ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានផ្តល់ឥណទាន ដោយផ្ទាល់ជូនដល់សហគ្រាស  ធុនតូច ​និងមធ្យមចំនួ​ន២៣១សហគ្រាស ដែលមានសហគ្រិនជាស្រ្តីចំនួន៦២ សហគ្រាស និងសហគ្រិនជាបុរសចំនួន១៦៩សហគ្រាស ជាមួយទំហំទឹកប្រាក់ឥណទាន សរុបប្រមាណ៥៣,៤ លានដុល្លារអាមេរិក។

នេះបើតាមរបាយការណ៍ ពីសិក្ខាសាលាបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងការលើកទិសដៅការងារ សម្រាប់ឆ្នាំ២០២៣”​របស់ធនាគារសហគ្រាសធុនតូច និងមធ្យម កម្ពុជា នាពេលថ្មីៗនេះ។

ទាក់ទងនឹងគម្រោងសហហិរញ្ញប្បទានទ្រទ្រង់ សហគ្រាសធុនតូច និងមធ្យម ជំហានទី១ និងទី២ ធនាគារបានផ្តល់ការគាំទ្រ ដល់​សហគ្រាសសរុបចំនួន១៩៩២ ស្មើនឹងទំហំទឹកប្រាក់សរុប២៤០លានដុល្លារអាមេរិកដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាស​ធុនតូច និងមធ្យម កម្ពុជា និងគ្រឹះស្ថានហិរញ្ញវត្ថុចូលរួម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

របាយការណ៍ដដែលបានឱ្យដឹងទៀតថា SME Bankបាន និងកំពុងដំណើរការគម្រោងសហហិរញ្ញប្បទានស្តារ និងជំរុញកំណើនក្នុងវិស័យទេ​សចរណ៍ នូវចំនួនទឹកប្រាក់សរុប១៥០លានដុល្លារអាមេរិក ដែលជាថវិកាបដិភាគស្មើគ្នា រវាងធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងគ្រឹះ​ស្ថានហិរញ្ញវត្ថុចូលរួម។

គិតត្រឹមខែធ្នូ ឆ្នាំ២០២២ ធនាគារក៏បានផ្តល់ឥណទានទៅម្ចាស់អាជីវកម្ម ស្ថិតនៅក្នុងវិស័យទេសចរណ៍ចំនួន២៩២ ដែលមានទំហំឥណទានសរុបប្រមាណ៤២ លានដុល្លារអាមេរិក។

ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាជាធនាគារគោលនយោ​បាយ ដែលទទួលបានអាជ្ញាបណ្ណប្រតិបត្តិការ ធនាគារពីធនាគារជាតិ នៃ កម្ពុជា កាលពីឆ្នាំ២០២០ ហើយធនាគារនេះបង្កើតឡើង ក្រោមគំនិតផ្តួច  ផ្តើម របស់រាជរដ្ឋាភិបាល និងមានបេសកកម្មផ្តល់ហិរញ្ញប្បទាន ប្រកបដោ​យលក្ខខណ្ឌអនុគ្រោះ ជូនដល់សហគ្រាសធុនតូច និងមធ្យម ដែលស្ថិតនៅក្នុងវិស័យអាទិភាព៕

LEAVE A REPLY

Please enter your comment!
Please enter your name here