រដ្ឋមន្រ្តីកសិកម្មគាំទ្រឲ្យក្រុមហ៊ុនជប៉ុននាំយកពូជស្រូវJaponica មកដាំនៅកម្ពុជា

  ដោយៈ គង់ សូរិយា

       ភ្នំពេញៈ រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណា ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD។

លោកឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ ចូលរួមកិច្ចប្រជុំពិភាក្សាការងារ ជាមួយលោកអគ្គនាយកក្រុមហ៊ុន Top Planning Japan Co.,LTD នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ក្នុងជំនួបប្រជុំនេះ លោករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងគាំទ្រពេញទំហឹង សម្រាប់ការវិនិយោគជាមួយប្រទេសជប៉ុន ពិសេសគម្រោងបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទាក់ទងនឹងកិច្ចការងារនេះ ក្រសួងនឹងចូលរួមគាំទ្រ ការផ្សព្វផ្សាយ និងជំរុញក្នុងខ្សែច្រវាក់ផលិតកម្ម រួមទាំងការវេចខ្ចប់ផងដែរ។

លោកទិត ទីណា ក៏បានណែនាំឱ្យមានផែនការផលិតចន្ទីកែច្នៃ ដើម្បីទទួលបានតម្លៃខ្ពស់ជាជាងបរិមាណ ក្នុងនោះការកែច្នៃត្រូវគោរពតាមគោលការណ៍បរិស្ថាន។ ការផ្សព្វផ្សាយគឺជាកត្តាចាំបាច់មួយ ដើម្បីទទួលបានការគាំទ្រ និងមានទំនុកចិត្តទាំងទីផ្សារប្រទេសជប៉ុន និងពិភពលោក ទទួលបានតម្លៃមួយខ្ពស់ ហើយអ្នកហូបស្គាល់ពីកម្ពុជា ដោយមិនមានគោលដៅប្រកួតបរិមាណជាមួយប្រទេសដទៃទេ។

លោករដ្ឋមន្រ្តី បានកោតសរសើរចំពោះគំនិតច្នៃប្រឌិត ក្នុងការកែច្នៃសម្រកចន្ទីទៅជាឥន្ធនៈ ប៉ុន្តែកិច្ចការងារនេះ ត្រូវធ្វើការសិក្សាស្រាវជ្រាវបន្ថែមទៀត ហើយបានណែនាំឱ្យធ្វើការពិចារណា លើកែច្នៃទៅជាផលិត​ផលម្ហូបអាហារ ឬជីកសិកម្មវិញ ខណៈដែលកម្ពុជាកំពុងត្រូវការជី។

លោកបានបង្ហាញនូវការគាំទ្រ ចំពោះកិច្ចសហប្រតិបត្តិការជុំវិញពូជJaponica ដែលអាចយកមកដាំនៅកម្ពុជា តាមរយៈ JICA ដើម្បីចូលរួមការផលិតអង្ករ មានគុណភាពសម្រាប់ការនាំចេញ។

ទាក់ទងនឹងប្រព័ន្ធគាំទ្រ លើផលិតកម្មដំណាំស្រូវ ក្រសួងត្រូវធ្វើការងា​រជាមួយនឹងអន្តរក្រសួង ដូចជា ក្រសួងធនធានទឹកលើប្រព័ន្ធធារាស្រ្ត និងក្រសួងសាធារណៈការ លើប្រព័ន្ធនៃការដឹកជញ្ជូនជាដើម។

លោកក៏បានលើកឡើងអំពី ការប្រើប្រាស់នូវថាមពលល្អ និងចំណាយតិចសម្រាប់កសិកម្ម ដោយស្នើឱ្យធ្វើការសិក្សា លើការប្រើប្រព័ន្ធបង្ហូរទឹកសម្រាប់ការស្រោចស្រព(Water Tank) និងអាចប្រើថាមពលបន្ថែមដូចជាការប្រើភ្លើងបូមទឹកពេលយប់ ដែលមានតម្លៃទាប និងប្រើថាមពលព្រះអាទិត្យ(Solar) សម្រាប់បូមទឹកពេលថ្ងៃជាដើម។ ហើយបើប្រព័ន្ធនេះ ទទួលបានជោគជ័យ នោះនឹងអនុវត្តនៅទូទាំងប្រទេសតែម្តង។

គោលបំណងនៃជំនួបនេះ គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការបន្តរវាងក្រុមហ៊ុន និងក្រសួង ដើម្បីបង្កើតរោងចក្រកែច្នៃចន្ទីនៅកម្ពុជា និងផលិតទៅទីផ្សារពិភពលោក និងការកែច្នៃប្រេងឥន្ធនៈ ពីសំបកចន្ទីក្នុងប្រទេសកម្ពុជា។

ក្រុមហ៊ុន Top Planning Japan (TPJ) និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទីជ័យសំបូរ មានកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម ដែលត្រូវបានធ្វើឡើងដើម្បីសាងសង់រោងចក្រ កែច្នៃគ្រាប់ស្វាយចន្ទីខ្នាតតូច ជាការសាកល្បង ដែលមានទីតាំង ស្ថិតនៅភូមិត្រពាំងអារក្ស ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

គ្រាប់ស្វាយចន្ទីកែច្នៃ គឺជាកសិផលនាំចេញ ដែលមានសក្តានុពលនៅលើទីផ្សារប្រទេសជប៉ុន ហើយគិតពីឆ្នាំ២០១៩ ដល់២០២២ នេះ គ្រាប់ស្វាយចន្ទីកែច្នៃ បាននាំចេញទៅប្រទេសជប៉ុន ប្រមាណ១៨៤.៩០តោន ក្នុងនោះឆ្នាំ២០២២ មាន១២៦.៤៤តោន៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here