ក្រុងបាងកក ជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលរូបិយប័ណ្ណឌីជីថល ដ៏ធំមួយរបស់ពិភពលោក

ដោយៈ សុខុម

បាងកក: ការសិក្សាស្រាវជ្រាវថ្មីមួយ ដែលធ្វើឡើងដោយក្រុមហ៊ុនសូហ្វវែរគ្រីបតូ Recap បានបង្ហាញថា ក្រុងបាងកក បានជាប់ចំណាត់ថ្នាក់ជាមជ្ឈមណ្ឌលរូបិយប័ណ្ណឌីជីថល ឬគ្រីបតូធំបំផុតទី១០ របស់ពិភពលោក។

សន្ទស្សន៍គ្រីបតូ ដែលប្រមូលចងក្រងដោយក្រុមហ៊ុន Recap បានដាក់ចំណាត់ថ្នាក់ក្រុងបាងកក ឱ្យជាប់ចំណាត់ថ្នាក់លេខ១០ ខណៈទីក្រុងនេះ ទាក់ទាញក្រុមហ៊ុនគ្រីបតូបានចំនួន៥៧។ នេះបើយោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃអង្គារ ទី៧ ខែកុម្ភៈ។

ក្រុមហ៊ុន Recap ក៏បានគូសបញ្ជាក់ដែរថា ប្រទេសថៃ មានអត្រាកាន់កាប់គ្រីបតូខ្ពស់បំផុតទី២ក្នុងពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Daniel Howitt សហស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Recap បានលើកឡើងថា “ខណៈប្រទេសថៃ បានហាមឃាត់ការប្រើប្រាស់រូបិយប័ណ្ណគ្រីបតូ ជាមធ្យោបាយទូទាត់កាលពីខែមីនាឆ្នាំមុន ក៏បទប្ប​ញ្ញត្តិនេះ មិនប៉ះពាល់ដល់ការជួញដូរ ឬសកម្មភាពវិនិយោគនោះឡើយ”។

ទោះជាយ៉ាងណា លោកព្រមានថា ក្រុមនិយ័តករថៃអាចនឹងចាត់វិធានការកាន់តែតឹងរ៉ឹងបន្ថែមទៀត។

លោកបន្ថែមទៀតថា “ដូចប្រទេសជាច្រើនទៀតដែរ ប្រទេសថៃ កំពុងតែរឹតបន្តឹងវិធានរបស់ខ្លួន លើការជួញដូរគ្រីបតូ ព្រមទាំងការផ្សាយពាណិជ្ជកម្មអំពីគ្រីបតូផងដែរ”។

ជាមួយនឹងការដាក់ចេញវិធានកាន់តែតឹងរ៉ឹង វាកាន់តែគួរឱ្យចាប់អារ​ម្មណ៍ ក្នុងការតាមដានមើលថា តើចំណុចនេះជួយ ឬក៏រារាំងមិនឱ្យក្រុងបាង​កក ក្លាយជាមជ្ឈមណ្ឌលគ្រីបតូនៅប៉ុន្មានខែខាងមុខ”៕ Bangkok Post៕

LEAVE A REPLY

Please enter your comment!
Please enter your name here