លោកជំទាវជា សេរីស្នើឲ្យទូតថ្មីអង់គ្លេសបង្ហាញពីឱកាសល្អនៃការ វិនិយោគនៅកម្ពុជា

   ដោយៈគង់ ម៉ាលីនណា

       ភ្នំពេញៈ ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា លោកជំទាវជា សេរី បានស្នើសុំឱ្យស្ថានទូតអង់គ្លេស បង្ហាញពីឱកាសល្អនៃការវិនិយោគនៅកម្ពុជា និងបង្កើនតម្រូវការនាំទំនិញចូលពីកម្ពុជា ដោយសារសក្តានុពលនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសស្ថិតក្នុងតំបន់ប្រកបដោយថាមភាព។

លោកជំទាវ ជា សិរីបានលើកឡើងបែបនេះ ក្នុងពេលអនុញ្ញាត្តឲ្យ​លោក Dominic Williams ឯកអគ្គរាជទូតអង់គ្លេសថ្មីប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារកាលពីថ្ងៃទី៧ កុម្ភៈ កន្លងមកនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងជំនួបនេះ លោកជំទាវជា សេរីបានជូនពីស្ថានភាពសេដ្ឋកិច្ចកម្ពុជាផងដែរថា សេដ្ឋកិច្ចកម្ពុជាបានទទួលផលប៉ះពាល់ ពីវិបត្តិកូវីដ-១៩ ជាពិសេស នៅឆ្នាំ២០២០ ហើយបានងើបឡើងវិញជាបន្តបន្ទាប់ ដែលគាំទ្រដោយប្រសិទ្ធភាព នៃការគ្រប់គ្រងការរាលដាលជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំង ការពារបានគ្រប់គ្រាន់យ៉ាងឆាប់រហ័ស ហើយបានបើកប្រទេសឡើងវិញនៅឆ្នាំ២០២១ ដែលធ្វើឱ្យសកម្មភាពសេដ្ឋកិច្ចក្នុងស្រុកត្រឡប់មកប្រក្រតីភាពវិញ។

លោកជំទាវជា សេរីបានបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា បន្តងើបឡើងថែមទៀត ក៏ប៉ុន្តែក៏ប្រឈមនឹងភាពមិនច្បាស់លាស់ច្រើនដែរ ដោយសារភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចពិភពលោក ជាពិសេសការថយចុះកំណើន នៅក្នុងប្រទេសអភិវឌ្ឍន៍ដែលកម្ពុជានាំទំនិញចេញ។

ជាមួយគ្នានេះ លោកDominic Williams បានអបអរសាទរការគ្រប់គ្រងសេដ្ឋកិច្ចរបស់កម្ពុជា ដែលក្នុងនោះកំណើនបន្តងើបឡើងជាលំដា​ប់ អតិផរណាកើនឡើងក្នុងកម្រិតមធ្យម ហើយថយចុះយ៉ាងឆាប់រហ័ស រក្សាបានទុនបម្រុងអន្តរជាតិខ្ពស់គ្រប់គ្រាន់ ហើយប្រព័ន្ធធនាគារមានភាពធន់ និងរួមចំណែកក្នុងការគាំទ្រកំណើន និងកាត់បន្ថយផលប៉ះពាល់នៃវិបត្តិទាំងកូវីដ-១៩ និងរលកអតិផរណា៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here