រដ្ឋាភិបាលកម្ពុជាគ្រោងបោះផ្សាយមូលបត្របំណុលតាមរយៈ វេទិកាដេញថ្លៃថ្មីGSAP

ដោយ: គង់ លាងហួរ

ភ្នំពេញ: រដ្ឋាភិបាលគ្រោងបោះផ្សាយមូលបត្របំណុល នៅក្នុងទីផ្សារបឋមក្នុងត្រីមាសទី២ ឆ្នាំ២០២៣នេះ តាមរយៈវេទិកាទី២ ដែលមានឈ្មោះថា វេទិកាដេញថ្លៃមូលបត្ររដ្ឋាភិបាល (GSAP) បន្ថែមពីលើវេទិកាដេញថ្លៃរបស់ធនាគារជាតិនៃកម្ពុជា (NBCP)។

លោក ហុង សុហួរ នាយកប្រតិបត្តិក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា បានមានប្រសាសន៍ថា វិនិយោគិនស្ថាប័ន នឹងអាចចូលទៅក្នុងការដេញថ្លៃនៃមូលបត្របំណុលរដ្ឋាភិបាល តាមរយៈវេទិកាថ្មី ដែលបង្កើតឡើងដោយផ្សារមូលបត្រកម្ពុជា (CSX)។

លោក ហុង សុហួរ បានមានប្រសាសន៍ថា “ការដេញថ្លៃលើកដំបូងនៃសញ្ញាប័ណ្ណរដ្ឋាភិបាលតាមរយៈ GSAP ត្រូវបានគេរំពឹងទុក នៅក្នុងត្រីមាសទី២ឆ្នាំ២០២៣នេះ”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

បច្ចុប្បន្ននេះ មូលបត្របំណុលរដ្ឋាភិបាល ត្រូវបានបោះផ្សាយតាមរយៈវេទិកា NBCP តែប៉ុណ្ណោះ។

GSAP គឺជាវេទិកាដែលនឹងត្រូវដាក់ឱ្យដំណើរការ ក្នុងពេលឆាប់ៗនេះ ដែលបង្កើតឡើង ដោយផ្សារមូលបត្រកម្ពុជា (CSX) បន្ថែមពីលើវេទិកា NBCP ដោយវេទិកាដេញថ្លៃទាំង២ផ្តោត លើរយៈពេលកាលកំណត់ខុសៗគ្នា។

វេទិកាដេញថ្លៃទាំងពីរ នឹងអនុញ្ញាតឱ្យវិនិយោគិនស្ថាប័ន រួមមាន ធនា គារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ក្រុមហ៊ុនមូលបត្រ ក្រុមហ៊ុនធានារ៉ាប់រង បេឡាជាតិរបបសន្តិសុខសង្គម អ្នកគ្រប់គ្រងមូលនិធិ និងអាណាព្យាបាលផ្សេងទៀត អាចចូលទៅកាន់ទីផ្សារដោយផ្ទាល់ ស្របតាមផែនការចេញផ្សាយរបស់រដ្ឋាភិបាល។

លោកហុង សុហួរ បានបញ្ជាក់ថា មូលបត្របំណុលរបស់រដ្ឋាភិបាលត្រូវបានគេដឹងថា មានហានិភ័យទាបបំផុត ស្ទើរតែសូន្យ ពីព្រោះវាត្រូវបានគាំទ្រ ដោយរដ្ឋាភិបាលរបស់ប្រទេសមួយ ដែលមានសាច់ប្រាក់ងាយស្រួលខ្ពស់។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ រដ្ឋាភិបាលគ្រោងនឹងប្រមូលចំណូល ចំនួន២០០លានដុល្លារពីការលក់មូលបត្របំណុល ដែលអាចនាំមកនូវប្រាក់ចំណូល ដោយផ្ទាល់ និងធានានូវប្រសិទ្ធភាពនៃការវិនិយោគ និងនិរន្តរភាពនៃការគ្រប់គ្រងបំណុល និងថវិកាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here