កំណើនសេដ្ឋកិច្ចប្រទេសឥណ្ឌូនេស៊ីហក់ឡើងដល់កម្រិតខ្ពស់បំផុតកាលពីឆ្នាំមុន និងថយចុះនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ       

ហ្សាការតា: កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី បានកើនឡើងដល់កម្រិតខ្ពស់នៅក្នុងឆ្នាំ២០២២ ដែលជំរុញមកពីកំណើននៃតម្លៃទំនិញ និងការបន្ធូរវិធានការកូវីដ ទោះបីជាមានភាពមិនប្រាកដប្រជា ជាសកលយ៉ាងណាក្តី។

ប្រទេសឥណ្ឌូនេស៊ី ធ្លាប់បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដោយវិបត្តិជំងឺកូវីដ ខណៈការនាំចេញ និងវិស័យទេសចរណ៍របស់ប្រទេសនេះ បានដាំក្បាលចុះយ៉ាងខ្លាំងនៅឆ្នាំ២០២០ ហើយផលិតផលក្នុងស្រុកសរុបបានធ្លាក់ចុះ២,០៧ភាគរយជាលើកដំបូង គិតចាប់តាំងពីវិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ១៩៩៧។

ទោះបីជាយ៉ាងនេះក្តី សេដ្ឋកិច្ច​ដ៏ធំ​បំផុត​របស់​តំបន់អាស៊ីមួយនេះបាន​ស្ទុះ​ងើប​ឡើង​វិញ ​ចាប់​តាំង​ពី​ពេល​នោះ​មក ដោយ​បាន​ប្រកាស​ពី​កំណើន​សេដ្ឋកិច្ចក្នុងរង្វង់៥,៣១% កាលពីឆ្នាំ២០២២ ដែលជា​កម្រិត​ខ្ពស់​បំផុត​គិតចាប់​តាំង​ពី​ឆ្នាំ២០១៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Margo Yuwono ប្រធាន​ទីភ្នាក់ងារ​ស្ថិតិឥណ្ឌូនេស៊ីបាន​មានប្រសាសន៍ថា​ “តួ​លេខ​នេះ​បង្ហាញ​ថា ​សេដ្ឋកិច្ច​របស់​ប្រទេស​ឥណ្ឌូណេស៊ី​បាន​កើន​ឡើង​យ៉ាង​រ៉ឹងមាំ​ក្នុង​ឆ្នាំ​២០២២”។​

លោកបានបន្តថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានជំរុញដោយតម្លៃនាំចេញខ្ពស់ និងការលុបចោលការរឹតបន្តឹង លើការធ្វើដំណើរ ជាមួយនឹងការលុបចោល តម្រូវការដាក់ឱ្យនៅដាច់ពីគេ ក្នុងខែមីនា ឆ្នាំ២០២២បានជំរុញឱ្យអាជីវកម្ម និងការមកដល់របស់ភ្ញៀវទេសចរមានសន្ទុះ​កើនឡើងវិញ។

លោកអះអាងថា “ការបើកឡើងវិញនូវអាកាសយានដ្ឋាន អន្តរជាតិស្ទើរតែទាំងអស់ ក៏បានជួយជំរុញដល់សកម្មភាពសេដ្ឋកិច្ច របស់ប្រជាជនផងដែរ”។

យោងតាមក្រុមសេដ្ឋវិទូបានឱ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌូនេស៊ី ត្រូវបានគេរំពឹងថា នឹងថយចុះបន្តិចនៅឆ្នាំ២០២៣នេះ”។

លោក Gareth Leather សេដ្ឋវិទូជាន់ខ្ពស់ប្រចាំនៅក្រុមហ៊ុន Capital Economics បានមានប្រសាសន៍ថា“ភាពទន់ខ្សោយបន្ថែមទៀតអាចនឹងធ្វើឱ្យតម្រូវការសកលធ្លាក់ចុះ អតិផរណាហក់ឡើងខ្ពស់ និងជំរុញកំណើនអត្រាការប្រាក់”៕

LEAVE A REPLY

Please enter your comment!
Please enter your name here