ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សជាច្រើនគ្រោងបោះទុនវិនិយោគ ក្នុងទំហំទឹកប្រាក់៩ពាន់លានដុល្លារនៅអារ៉ាប៊ីសាអូឌីត

ដោយៈ សុខុម

រីយ៉ាដ: ប្រទេសអារ៉ាប៊ីសាអូឌីត ទាក់ទាញការវិនិយោគបានរហូតដល់ទៅជាង៩ពាន់លានដុល្លារ លើបច្ចេកវិទ្យានាពេលអនាគត។

ក្រុមហ៊ុនធំៗទាំងនោះ ក៏រួមបញ្ចូលទាំងក្រុមហ៊ុនយក្សអាមេរិក Microsoft និងOracle Corp ដែលកំពុងសាងសង់តំបន់ Cloud Computing នៅក្នុងប្រទេសនេះផងដែរ។

លោក Abdullah Alswaha រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងបច្ចេកវិទ្យាព័ត៌មាននៃប្រទេសអារ៉ាប៊ីសាអូឌីត បានលើកឡើងកាលពីថ្ងៃច័ន្ទ ទី៦ ខែកុម្ភៈ ថា ក្រុមហ៊ុន Microsoft នឹងបោះទុនវិនិយោគ២,១ពាន់លានដុល្លារ លើគម្រោងCloud Computing ខណៈក្រុមហ៊ុនOracle Corp គ្រោងបោះទុន វិនិយោគ១,៥ពាន់លានដុល្លារ ដើម្បីសាងសង់តំបន់ Cloud Computing ថ្មីមួយនៅក្នុងទីក្រុងរីយ៉ាដ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងវេទិកាបច្ចេកវិទ្យាអន្តរជាតិ LEAP នៅទីក្រុងរីយ៉ាដ លោក Abdullah Alswaha ថ្លែងថា “ការវិនិយោគទាំងនេះ នឹងជួយលើកកម្ពស់ឋានៈរបស់អារ៉ាប៊ីសាអូឌីត ជាទីផ្សារឌីជីថលដ៏ធំបំផុត នៅតំបន់មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើង”។

ទោះជាយ៉ាងណា លោក Abdullah Alswaha មិនបានផ្តល់ព័ត៌មានលម្អិត អំពីពេលគម្រោងពេលវេលាជាក់លាក់នោះឡើយ។

ដោយឡែក ក្រុមហ៊ុន Oracle Corp បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា ការវិនិយោគនឹងធ្វើឡើងក្នុងរយៈពេលប៉ុន្មានឆ្នាំ។

ក្រុមមន្ត្រីអារ៉ាប៊ីសាអូឌីត បានជំរុញលើកទឹកចិត្តឱ្យបណ្ដាក្រុមហ៊ុនអន្តរជាតិវិនិយោគ នៅក្នុងប្រទេសនេះ ហើយរើការិយាល័យកណ្ដាលថ្នាក់តំបន់របស់ខ្លួនមកកាន់ទីក្រុងរីយ៉ាដ ដើម្បីទទួលបានអត្ថប្រយោជន៍ពីកិច្ចសន្យារបស់រដ្ឋាភិបាល។

ប្រទេសនេះបាន និងកំពុងជះលុយរាប់រយពាន់លានដុល្លារ ទៅក្នុងផែនការសេដ្ឋកិច្ចដែលគេស្គាល់ថាជា “ទស្សនវិស័យឆ្នាំ២០៣០” (Vision 2030) ដែលដឹកនាំដោយព្រះអង្គម្ចាស់រាជទាយាទ Mohammed bin Salman៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here