ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សលើពិភពលោក Foxconn ប្រកាសពីកំណើនប្រាក់ចំណូលដ៏ខ្ពស់ក្នុងខែមករា

ដោយ:គង់ លាងហួរ 

តៃប៉ិ: ក្រុមហ៊ុនផលិតគ្រឿងអេឡិចត្រូនិកធំជាងគេ លើពិភពលោក Foxconn បានឱ្យដឹងថា ប្រាក់ចំណូលរបស់ខ្លួនក្នុងខែមករា បានកើនឡើង៤៨,២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

ក្រុមហ៊ុននេះ បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រាក់ចំណូលនៅក្នុងខែមករា បានឈានដល់កម្រិតខ្ពស់បំផុត ប្រមាណ២២ពាន់លានដុល្លារ ជាមួយនឹងប្រតិបត្តិការត្រឡប់ទៅធម្មតាវិញ ហើយការនាំចេញបានកើនឡើង នៅក្រុងZhengzhou របស់ខ្លួនក្នុងប្រទេសចិន ដែលជាមជ្ឈមណ្ឌលសម្រាប់ផលិត iPhone ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រុមហ៊ុនបានអះអាងថា “បើប្រៀបធៀបទៅនឹងខែធ្នូ ឆ្នាំ២០២២ ប្រាក់ចំណូលបានកើនឡើង៤,៩៣ភាគរយ ជាមួយនឹងផលិតផលអេឡិចត្រូនិកឆ្លាតវៃ ដែលរួមមានស្មាតហ្វូន និងផលិតផលកុំព្យូទ័រដែលបង្ហាញពីកំណើនដ៏រ៉ឹងមាំ”។

ការផលិតទូរស័ព្ទដៃ iPhone ប្រឈមនឹងការរំខាននៅមុនថ្ងៃបុណ្យណូអែល និងបុណ្យចូលឆ្នាំសកល ក្នុងខែមករា បន្ទាប់ពីវិធានការកូវីដបានជំរុញឱ្យកម្មកររាប់ពាន់នាក់ ចាកចេញពីរោងចក្ររបស់ Foxconn ក្នុងទីក្រុង Zhengzhou។

ក្រុមអ្នកវិភាគលើកឡើងថា “ក្រុមហ៊ុន Foxconn គ្របដណ្តប់ទូរសព្ទដៃ iPhoneប្រហែល៧០ភាគរយ ហើយរោងចក្រនៅទីក្រុង Zhengzhou ផលិតម៉ូដែលពិសេសភាគច្រើន រួមទាំង iPhone 14 Pro ផងដែរ”។

ក្រុមអ្នកវិភាគរំពឹងថា ប្រាក់ចំណូលនៅត្រីមាសទី១ របស់ក្រុមហ៊ុន Foxconn នឹងកើនឡើងប្រហែល៤ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ ។នេះបើយោងតាមក្រុមហ៊ុន Refinitiv ។

ក្រុមហ៊ុន Apple បានព្យាករណ៍ថា ប្រាក់ចំណូលរបស់ខ្លួននឹងធ្លាក់ចុះសម្រាប់ត្រីមាសទី២ជាប់ៗគ្នា ប៉ុន្តែការលក់ទូរសព្ទដៃ iPhone ទំនងជាមានភាពប្រសើរឡើង ដោយសារការផលិតបានវិលត្រឡប់ មកធម្មតាវិញនៅក្នុងប្រទេសចិន៕

LEAVE A REPLY

Please enter your comment!
Please enter your name here