ក្រុមហ៊ុនអន្តរជាតិ WorldHotels ប្រកាសបន្ថែមសណ្ឋាគារថ្មីៗ ចំនួន៥០ក្នុងឆ្នាំ២០២៣

ដោយៈ សុខុម

បាងកក: ក្រុមហ៊ុនបដិសណ្ឋារកិច្ចអន្តរជាតិ WorldHotels Group គ្រោងនឹងបើកដំណើរការសណ្ឋាគារថ្មីៗ ចំនួន៥០កន្លែងនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ រួមទាំង១៤កន្លែងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ផងដែរ។ នេះបើតាមអ្វីដែលនាយកប្រតិបត្តិក្រុមហ៊ុននេះ បានលើកឡើងក្នុងសន្និសីទប្រចាំឆ្នាំរបស់ខ្លួននៅទីក្រុងបាងកក ប្រទេសថៃ។

យោងតាមកាសែត Bangkok Post ចុះផ្សាយកាលពីថ្ងៃសៅរ៍ ទី៤ ខែកុម្ភៈ ឱ្យដឹងថា ក្នុងចំណោមសណ្ឋាគារថ្មីៗទាំង៥០កន្លែង ខាងលើនេះក៏រួមមាន៨កន្លែងនៅក្នុងប្រទេសថៃផងដែរ។

លោក Larry Cuculic នាយកប្រតិបត្តិក្រុមហ៊ុន WorldHotels Group បានថ្លែងទៅកាន់នាយកគ្រប់គ្រង និងថ្នាក់ដឹកនាំទាំង១០០រូបមកពីទូទាំងពិភពលោក ដែលចូលរួមក្នុងសន្និសីទនៅឯសណ្ឋាគារ Carlton Bangkok Sukhumvit ថា “យើងនឹងបង្កើនវត្តមានរបស់យើង ហើយបង្កើតទំនាក់ទំនងល្អជាមួយអតិថិជន”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅឆ្នាំ២០១៩ ក្រុមហ៊ុន Best Western Hotels & Resorts បានទិញយកយីហោ WorldHotels ដោយបន្ថែមសណ្ឋាគារ និងរីហ្សតប្រមា​ណ៣០០កន្លែងបន្ថែម ពីលើចំនួនសណ្ឋាគារ និងរីហ្សតដែលខ្លួនមាននៅទូទាំងពិភពលោក។

កាលពីឆ្នាំមុន WorldHotels មានសណ្ឋាគារចំនួន៥០នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ជាមួយនឹងបន្ទប់សរុបចំនួន១៩.៤០០បន្ទប់។ ក្រុមហ៊ុននេះ ក៏មានការអភិវឌ្ឍដ៏រឹងមាំមួយផងដែរនៅក្នុងតំបន់ ជាពិសេសនៅប្រទេសវៀតណាម ដែលគម្រោងជាច្រើនកំពុងដំណើរការ។

យុទ្ធសាស្រ្តរបស់ WorldHotels សម្រាប់តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅឆ្នាំនេះគឺនឹងផ្តោតលើអាស៊ី-អាគ្នេយ៍ ដោយសារតែប្រទេសវៀតណាម ដែលជាតារាទើបនឹងរះ។ វៀតណាម នឹងបន្តជាអាទិភាពរបស់ខ្លួន បើទោះជារដ្ឋាភិបាលប្រទេសនេះ មានបទប្បញ្ញត្តិតឹងរ៉ឹងជាងមុន លើសណ្ឋាគារ រីហ្សត និងខុនដូយ៉ាងណាក្ដី។ ហើយទន្ទឹមនេះ ក៏មានខ្លះនៅប្រទេសថៃផងដែរ៕ The Nation៕

LEAVE A REPLY

Please enter your comment!
Please enter your name here