NBC និងអគ្គស្នងការដ្ឋាននគរបាលជាតិនឹងចាត់វិធានការចំពោះការ ផ្តល់ឥណទាននិងផ្សព្វផ្សាយដោយខុសច្បាប់

ដោយៈ លក្ខិណា

ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា ( NBC ) និងអគ្គស្នងការនគរបាលជាតិនៅថ្ងៃទី២ កុម្ភៈ ២០២៣ ឱ្យដឹងថា ស្ថាប័នទាំងពីរនឹងរួមគ្នា ក្នុងការចាត់វិធានការតឹងរ៉ឹង តាមផ្លូវច្បាប់ដល់ការផ្ដល់ឥណទានខុសច្បាប់ ការផ្សព្វ​ផ្សាយនានា តាមគ្រប់រូបភាពពាក់ព័ន្ធនឹងការផ្ដល់ហិរញ្ញវត្ថុ ដោយគ្មានច្បាប់អនុញ្ញាត បន្ទាប់ពីឃើញមានសកម្មភាពផ្សព្វផ្សាយ និងផ្ដល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ឬឥណទានខុសច្បាប់ច្រើន។

សេចក្តីថ្លែងការណ៍ ដែលបានចេញផ្សាយដោយស្ថាប័នទាំងពីរបានឲ្យដឹងថា នាពេលថ្មីៗនេះ យើងសង្កេតឃើញថា មានសកម្មភាពផ្សព្វផ្សាយ និងផ្តល់សេវាហិរញ្ញវត្ថុក្រៅផ្លូវការ ជាពិសេសសេវាឥណទាន តាមរយៈទូរស័ព្ទ បណ្ដាញសង្គមនានា និងអនឡាញ យ៉ាងអនាធិបតេយ្យដោយគ្មានច្បាប់អនុញ្ញាតត្រឹមត្រូវពីធនាគារជាតិនៃកម្ពុជា ដោយបានធ្វើឱ្យសាធារណជនមានការភាន់ច្រឡំ និងបានបង្កផលវិបាកជាច្រើន មកលើសេដ្ឋកិច្ចនិងសង្គម តាមរយៈការយកអត្រាការប្រាក់ខ្ពស់ហួសហេតុ ការគំរាមកំហែងបំភិតបំភ័យ ការអនុវត្តកិច្ចសន្យាមិនសុចរិត ដោយបង្កប់នូវការកេងចំណេ​ញហួសហេតុពីអ្នកខ្ចីប្រាក់ ដែលបណ្តាលឱ្យប៉ះពាល់ ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងធ្វើឱ្យធ្លាក់ក្នុងបំណុលច្រើនលើសលប់។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សេចក្តីថ្លែងការណ៍បានគូសបញ្ជាក់ថា “ការណ៍នេះបានជះឥទ្ធិពលដល់ស្ថិរភាព ហិរញ្ញវត្ថុ ជំនឿទុកចិត្តរបស់សាធារណជន បរិយាបន្នហិរញ្ញវត្ថុ និងការរីកចម្រើន នៃវិស័យធនាគារនៅកម្ពុជាទាំងមូល”។

សេចក្ដីថ្លែងការឱ្យដឹងបន្ថែមថា ធនាគារជាតិនៃកម្ពុជា និងអគ្គស្នងការដ្ឋាននគរបាលជាតិ សូមស្នើឱ្យប្រជាពលរដ្ឋប្រើប្រាស់ សេវាហិរញ្ញវត្ថុផ្លូវការដែលផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលទទួលអាជ្ញាបណ្ណប្រកបអាជីវកម្មពីធនាគារជាតិនៃកម្ពុជា រួមមាន ធនាគារពាណិជ្ជ ធនាគារឯកទេស គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទទួលប្រាក់បញ្ញើ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ គ្រឹះស្ថានភតិសន្យាហិរញ្ញវត្ថុ គ្រឹះស្ថានផ្តល់សេវាទូទាត់ សងប្រាក់ និងគ្រឹះស្ថានឥណទានជនបទ ដែលគ្រឹះស្ថានទាំងនេះស្ថិតក្រោមច្បាប់ និងបទប្បញ្ញត្តិ និងការត្រួតពិនិត្យរបស់ធនាគារជាតិនៃកម្ពុជា ហើយអតិថិជនគ្រឹះ​ស្ថានទាំងនេះត្រូវបានការពារដោយច្បាប់៕

LEAVE A REPLY

Please enter your comment!
Please enter your name here