រដ្ឋាភិបាលអាណត្តិទី៧ នឹងដាក់ចេញយុទ្ឋសាស្រ្តបញ្ចកោណបន្ទាប់ពីការបោះឆ្នោតនាពេលខាងមុខ

 ដោយៈ ជេស៊ីកា

       ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមរៀបចំយុទ្ឋសាស្រ្តថ្មី គឺយុទ្ឋ​សាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលនឹងចាប់អនុវត្តន៍ក្រោយការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនាឆ្នាំ២០២៣នេះ។

ការរៀបចំយុទ្ឋសាស្រ្តនេះ ត្រូវបានរៀបចំកិច្ចប្រជុំពិភាក្សាការងារពាក់ព័ន្ធនឹងការប្រមូលធាតុ ចូលទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដើម្បីចូលរួមរៀបចំតាក់តែងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១។

កិច្ចប្រជុំកាលពីថ្ងៃទី១ កុម្ភៈកន្លងមកនេះ ដឹកនាំដោយលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ការងារពាក់ព័ន្ធនឹងធាតុចូលនៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដោយមានការអញ្ជើញចូលរួមពីសំណាក់មន្រ្តីពាក់ព័ន្ឋនានាផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តាមរយៈព៌តមានបានបង្ហាញថា កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងប្រមូលធាតុចូល ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន សំដៅចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការរៀបចំតាកតែងយុទ្ធសា​ស្រ្ត​បញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍកម្ពុជា បន្តពីយុទ្ធសាស្រ្តចតុកោណទាំងបួនដំណាក់កាល ដែល រាជរដ្ឋាភិបាលបានដាក់ចេញឱ្យអនុវត្តកន្លងមក។

អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់យ៉ាងផុសផុលលើមុំទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូន ដែលសម្រេចសមិទ្ធផលការងារបានក្រោមយុទ្ធសាស្រ្តចតុកោណទាំង៤ ដំណាក់កាលក្នុង នីតិកាលទី៦ នៃរដ្ឋសភា (២០១៨-២០២៣) ព្រមទាំងបានកំណត់សូចនាករ និងពេលវេលាអនុវត្តច្បាស់លាស់ ទាក់ទងនឹងវិស័យសាធារណការ និងដឹកជញ្ជូ​ន ដើម្បីបានជាធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កា​លទី១ នេះផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល បានចូលរួមរៀបចំយុទ្ធសាស្ត្រចតុកោណទាំង៤ ដំណាក់កាលរួចមកហើយ។ យុទ្ធសាស្ត្រចតុកោណ បានបំពេញតួនាទីជារបៀបវារៈយ៉ាងល្អប្រសើរ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយការអនុវត្តដោយឆ្លងកាត់ដំ​ណាក់កាលទាំង៤ ជាបន្តបន្ទាប់នេះ បានផ្តល់ផលជាការផ្លាស់ប្តូរស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជនឱ្យកាន់តែប្រសើរឡើង និងការពង្រឹងប្រសិទ្ធភាព នៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here