ដោយៈ សុខុម
សិង្ហបុរី: ដូចមហាសេដ្ឋីនៅក្នុងប្រទេសចិនជាច្រើនទៀតដែរ និស្សិតបញ្ចប់ការសិក្សាឈ្មោះ Zayn Zhang យល់ថា ប្រទេសសិង្ហបុរី ជាកន្លែងដ៏ល្អបំផុត សម្រាប់រក្សាទុកទ្រព្យសម្បត្តិរបស់គ្រួសារគាត់។
គាត់សង្ឃឹមថា ការសិក្សានៅសកលវិទ្យាល័យមួយ ក្នុងប្រទេសសិង្ហបុរី ដែលជាមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ី នឹងអាចឱ្យគាត់មានឱកាសស្នាក់នៅក្នុងប្រទេសនេះជាអចិន្ត្រៃយ៍។ ខណៈបុរសវ័យ២៦ឆ្នាំរូបនេះ កំពុងប្រឹងប្រែងបន្តការសិក្សាក្រេបយកចំណេះវិជ្ជា ប្រពន្ធរបស់គាត់កំពុងតែកំពុងស្វែងរកទិញផ្ទះប្រណីតប្រភេទ Penthouse ដែលមានតម្លៃចន្លោះពី៤ទៅ៥លានដុល្លារអាមេរិក។
នៅឯវេទិកាធុរកិច្ច និងសប្បុរសធម៌ក្នុងប្រទេសសិង្ហបុរី កាលពីចុងឆ្នាំមុន Zayn Zhang បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា “ប្រទេសសិង្ហបុរី គឺអស្ចារ្យណាស់។ ប្រទេសនេះមានស្ថិរភាព និងផ្តល់ឱកាសវិនិយោគល្អច្រើន”។
មហាសេដ្ឋីវ័យក្មេងរូបនេះបានគូសបញ្ជាក់ថា “គ្រួសាររបស់គាត់អាចនឹងបង្កើតការិយាល័យគ្រួសារមួយសិង្ហបុរី ដើម្បីគ្រប់គ្រងទ្រព្យសម្បត្តិរបស់ខ្លួននាពេលអនាគត”។
ដោយសារមានរបបពន្ធអនុគ្រោះច្រើន និងត្រូវបានគេមើលឃើញថាមានស្ថិរភាពផ្នែកនយោបាយ សិង្ហបុរី ជាយូរមកហើយបានក្លាយជាជម្រកដ៏មានសុវត្ថិភាព សម្រាប់មហាសេដ្ឋីជាជនបរទេសជាច្រើន។
កត្តានេះ ក៏បានជំរុញឱ្យចំនួនការិយាល័យគ្រួសារ កើនឡើងខ្លាំងផងដែរនៅក្នុងប្រទេសនេះ។
ចំនួនការិយាល័យគ្រួសារនៅក្នុងប្រទេសសិង្ហបុរី ដែលសម្រាប់គ្រប់គ្រងការវិនិយោគ ពន្ធដារ ការផ្ទេរទ្រព្យសម្បត្តិ និងបញ្ហាហិរញ្ញវត្ថុផ្សេងទៀតសម្រាប់ក្រុមមហាសេដ្ឋី បានកើនឡើងពី៤០០ការិយាល័យ ក្នុងឆ្នាំ២០២១ ឈានដល់៧០០ការិយាល័យ៕ Reuters៕