បណ្តាធនាគារវិនិយោគសកលធំៗរំពឹងថាតម្លៃប្រាក់យ័ននឹងហក់ ឡើងខ្លាំងនៅឆ្នាំនេះ

ដោយ: គង់ លាងហួរ

សៀងហៃ: ធនាគារវិនិយោគសកល បានបង្កើនការព្យាករណ៍សម្រាប់តម្លៃប្រាក់យ័ននៅឆ្នាំនេះ ខណៈប្រទេសចិនបើកសេដ្ឋកិច្ចឡើងវិញ និងបន្ធូរបន្ថយការទប់ស្កាត់វិស័យអចលនទ្រព្យ។

ការព្យាករណ៍ដ៏មានសុទិដ្ឋិនិយមនេះធ្វើឡើង បន្ទាប់ពីទីក្រុងប៉េកាំងលុបចោលយុទ្ធសាស្ត្រសូន្យកូវីដ នៅដើមខែធ្នូ ឆ្នាំ២០២២ និងវិលត្រលប់ទៅអនុវត្តន៍ គោលនយោបាយគាំទ្រកំណើនឡើងវិញ ដើម្បីស្ដារទំនុកចិត្តរបស់វិនិយោគិន និងផ្តល់អាទិភាពដល់តម្រូវការក្នុងស្រុក។

លោក Lemon Zhang អ្នកយុទ្ធសាស្រ្តFX ប្រចាំនៅធនាគារ Barclays បានមានប្រសាសន៍ថា ការបើកដំណើរការឡើងវិញ និងការផ្លាស់ប្តូរ គោលនយោបាយរបស់ប្រទេសចិន ចំពោះវិស័យអចលនទ្រព្យ បានធ្វើឱ្យទស្សនវិស័យរបស់តម្លៃប្រាក់យ័នកើនឡើង ហើយវាអាចនឹងមានការកើនឡើងបន្ថែមទៀត ក្នុងរយៈពេលមធ្យម”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កត្តារំខាន ដែលបណ្ដាលមកពីវិបត្តិកូវីដ-១៩ និងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក បានជំរុញឱ្យតម្លៃប្រាក់យ័នធ្លាក់ចុះប្រហែល៨ភាគរយ ធៀបនឹងប្រាក់ដុល្លារកាលពីឆ្នាំមុន ដែលជាលទ្ធផលប្រចាំឆ្នាំដ៏អាក្រក់បំផុត ចាប់តាំងពីឆ្នាំ១៩៩៤។

លើសពីនេះ មូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានបង្កើនការព្យាក​រណ៍កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន កាន់តែខ្ពស់រហូតដល់៥,២ភាគរយ ធៀបនឹងកំណើន៤,៤ភាគរយ ដែលខ្លួនបានព្យាករណ៍នៅក្នុងខែតុលា។

ចំណែកឯ ធនាគារវិនិយោគផ្សេងៗទៀត រួមមាន ធនាគារ Goldman Sachs, ធនាគារ HSBC ធនាគារ UBS និងធនាគារStandard Chartered ក៏បានព្យាករណ៍ថា តម្លៃប្រាក់យ័ននឹងហក់ឡើងខ្លាំងជាងមុនផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here