រដ្ឋាភិបាលកូរ៉េគ្រោងសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរឡើងវិញ នៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ

សេអ៊ូល: យោងតាមក្រសួងឧស្សាហកម្ម បានឱ្យដឹងនៅថ្ងៃអង្គារម្សិលមិញនេះថា ប្រទេសកូរ៉េខាងត្បូង គ្រោងបន្តសាងសង់ម៉ាស៊ីនរ៉េអាក់ទ័រ Shin Hanul លេខ៣ និងលេខ៤ ឡើងវិញនៅឆ្នាំនេះ បន្ទាប់ពីបានបញ្ចប់ការវាយតម្លៃផលប៉ះពាល់ពីគ្រោះមហន្តរាយ និងការងាររដ្ឋបាលផ្សេងៗទៀត។

រដ្ឋាភិបាលកូរ៉េបាននិងកំពុងធ្វើការ ដើម្បីបន្តការសាងសង់រោងចក្រថាមពលនុយក្លេអ៊ែរកម្លាំងចំនួន១.៤០០មេហ្គាវ៉ាត់ នៅក្នុងតំបន់ឆ្នេរសមុទ្រ Uljin ដែលមានចម្ងាយ៣៣០គីឡូម៉ែត្រ ស្ថិតនៅភាគអាគ្នេយ៍នៃទីក្រុងសេអ៊ូល ដែលត្រូវបានផ្អាកតាំងពីឆ្នាំ២០១៧ ក្រោមគោលនយោបាយនុយក្លេអ៊ែររបស់រដ្ឋបាលចាស់។

ក្រសួងឧស្សាហកម្មបានបញ្ជាក់ថា ខ្លួននឹងចាប់ផ្តើមនៅខែក្រោយ ដើម្បីប្រមូលមតិពីប្រជាពលរដ្ឋលើលទ្ធផល នៃការវាយតម្លៃផលប៉ះពាល់បរិស្ថានរបស់ខ្លួនទាក់ទងនឹងគម្រោងនេះ ដើម្បីបញ្ចប់នីតិវិធីពាក់ព័ន្ធ នៅក្នុងឆមាសទី១នៃឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងឧស្សាហកម្មកំពុងរង់ចាំលទ្ធផល នៃការត្រួតពិនិត្យរបស់ក្រសួ​ងមហាផ្ទៃ លើផែនការវាយតម្លៃផលប៉ះពាល់គ្រោះមហន្តរាយផងដែរ។

ក្រសួងក៏នឹងខិតខំដើម្បីទទួលការយល់ព្រមពីរដ្ឋ សម្រាប់គម្រោងនេះ នៅខែកញ្ញា ហើយនឹងចាប់ផ្តើមការងារលើដីឡូតិ៍នៅឆ្នាំនេះ មុនពេលចាប់ ផ្តើមការសាងសង់ពេញលេញនៅឆ្នាំក្រោយ។

ការសម្រេចចិត្តឡើងវិញនេះ ត្រូវបានធ្វើឡើង ខណៈរដ្ឋបាលរបស់ប្រធានាធិបតីថ្មី លោក Yoon Suk Yeol បានប្តេជ្ញាពង្រីកការផលិតថាមពលនុយក្លេអ៊ែរ ឱ្យដល់ជាង៣០ភាគរយ នៃការបង្កើតថាមពលសរុបរបស់ខ្លួន នៅឆ្នាំ២០៣០ ដើម្បីជំរុញសន្តិសុខថាមពល និងបំពេញតាមគោលដៅអព្យាក្រឹតកាបូនឱ្យបានល្អប្រសើរជាងមុន៕

LEAVE A REPLY

Please enter your comment!
Please enter your name here