ការសាងសង់អាគារមន្ទីរពេទ្យតេជោសែនតម្លៃ១០លានដុល្លារនៅស្រុកកោះធំសម្រេចបានប្រមាណ៨០ភាគរយ

ដោយៈ ម៉ាលីនណា

       កណ្តាលៈ អគារមន្ទីរពេទ្យតេជោសែនកោះធំ ស្ថិតនៅស្រុកកោះធំ សម្រេចបានប្រមាណ៨០.៥១% គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣កន្លងមកនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយស្រុកកោះធំ បានអញ្ជើញចុះពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នៅក្នុងស្រុកធំ ខេត្ត​កណ្ដាល ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកសាស្ត្រា   ចារ្យ​ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត និងរួមដំណើពីលោកអភិបាល អភិបាលរងស្រុក លោកប្រធានក្រុមប្រឹក្សាភិបាលស្រុក សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកកោះធំ ។

ការចុះត្រួតពិនិត្យ អគារមន្ទីរពេទ្យតេជោសែនកោះធំ នាពេលនេះ គឺដើម្បីតាមដានលើវឌ្ឍនភាព កិច្ចការងារសាងសង់ ធ្វើយ៉ាងណាឱ្យសម្រេចទៅតាមផែនកាគ្រោងទុក ប្រកបដោយចីរភាព នឹងឈានដល់ការដាក់ដំណើជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

មន្ទីរពេទ្យនេះសាងសង់ឡើងដោយថវិកា​ បានមកពីការចូលរួមវិភា​គទានរបស់សប្បុរសជនក្នុងស្រុកទាំងអស់ ដោយរួមសហការជាមួយនឹងមន្ទីរពេទ្យកាល់ម៉ែត្រ គ្រោងចំណាយថវិកាសរុបទាំងអស់ ប្រមាណ១០លានដុល្លារសហរដ្ឋអាមេរិក ក្នុងនោះការសាងសង់រចនាសម្ព័ន្ធ អគារមន្ទីរពេទ្យគ្រោងចំណាយទឹកប្រាក់ ប្រមាណ៦,២លានដុល្លារសហរដ្ឋអាមេរិក និងការបំពាក់សម្ភារបរិក្ខារពេទ្យ គ្រោងចំណាយទឹកប្រាក់ពី៤ ទៅ ៥លានដុល្លារសហរដ្ឋអាមេរិកថែមទៀត។

បន្ថែមពីលើនោះមន្ទីរពេទ្យនេះ ត្រូវប្រសិទ្ធនាមថាមន្ទីរពេទ្យតេជោសែនកោះធំ និងក្លាយជាមន្ទីរពេទ្យមានទីតាំង ផ្តល់សេវាសុខាភិបាលសាធារណៈជូនដល់ប្រជាពលរដ្ឋប្រមាណ៦០ម៉ឺននាក់ ដែលរស់នៅក្នុងស្រុកស្អាង ស្រុកកោះធំ ស្រុកលើកដែក នៃខេត្តកណ្តាល និងស្រុកព្រៃកប្បាស នៃខេត្តតាកែវ។ ជាពិសេសចំពោះពលរដ្ឋអ្នកស្រុកកោះ លែងមានផលលំបាកក្នុងការធ្វើដំណើឆ្ងាយឡើងមកពិនិត្យ ឬព្យាបាលសុខភាពនៅភ្នំពេញទៀតផង។

គម្រោងសាងសង់អគារថ្មី នៃមន្ទីរពេទ្យតេជោសែនកោះធំនេះ រៀបចំឡើងក្រោមគំនិតផ្តួចផ្តើម របស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង និងសមស្របតាមកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល និងចក្ខុវិស័យសម្រាប់អភិវឌ្ឍជាតិ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ដែលបានគិតគូរយកចិត្តទុកដាក់លើសុខទុក្ខ សុខមាលភាពរបស់ប្រជាពលរដ្ឋ៕

LEAVE A REPLY

Please enter your comment!
Please enter your name here