ក្រសួងពាណិជ្ជកម្មដាក់ចេញនូវប្រព័ន្ឋស្វ័យប្រវត្តិកម្មដើម្បីគ្រប់គ្រង មន្រ្តីរបស់ខ្លួន

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបោះជំហ៊ានមួយកម្រិតទៀត ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មាន ដោយបានដាក់សម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការនូវប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល (AAS) ដើម្បីគ្រប់គ្រងមន្រ្តីរបស់ខ្លួន។

ពិធីនេះបានធ្វើឡើងក្រោមវត្តមាន លោកប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធស្វ័យប្រវត្តកម្មគ្រប់គ្រងរដ្ឋបាល ដែលបានមានឈ្មោះថា “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១” (Administration Automation System – AAS – Phase I) ដើម្បីគ្រប់គ្រងមន្រ្តីរាជការក្រោមឱវាទក្រសួងពាណិជ្ជកម្ម សំដៅបង្កើនប្រសិទ្ធភាពការងារក្រសួងពាណិជ្ជកម្មបន្ថែមទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ការដាក់សម្ពោធនេះ បានធ្វើឡើងក្នុងឱកាសដែល លោករដ្ឋមន្រ្តី អញ្ជើញជាអធិបតីក្នុងពិធីបើកសន្និបាត បូកសរុបការងារពាណិជ្ជកម្មឆ្នាំ២០២២ និងទិសដៅអនុវត្តន៍ការងារពាណិជ្ជកម្មឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីមន្រ្តីពាក់ព័ន្ឋ។

លោកប៉ាន សូរស័ក្តិ បានលើកឡើងថា ដើម្បីធ្វើឱ្យការងាររដ្ឋបាលទូ​ទៅ និងការគ្រប់គ្រងព័ត៌មានមន្រ្តីរាជការ របស់ក្រសួងពាណិជ្ជកម្ម មានភាពងាយស្រួល ឆាប់រហ័ស ច្បាស់លាស់ និងឆ្លើយតបតាមតម្រូវការជាក់ស្តែងស្របតាមបរិបទរាជរដ្ឋាភិបាលឌីជីថល ក្រុមការងារបច្ចេកទេសរបស់ក្រសួងពាណិជ្ជកម្ម បានអភិវឌ្ឍនូវ “ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តកម្មរដ្ឋបាលទូទៅដំណាក់កាលទី០១” (Administration Automation System (AAS – Phase I) សម្រាប់ធ្វើប្រតិបត្តិការនានា ពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពព័ត៌មានមន្ត្រី ការទាញយករបាយការណ៍ ក៏ដូចជាស្វែងរកមន្ត្រីតាមរយៈប្រព័ន្ធ Internet និងអាចអនុវត្តបានគ្រប់ទីកន្លែង។

លោកបន្តថា នៅក្នុងដំណាក់កាលទី១នេះ ប្រព័ន្ធគ្រប់គ្រងស្វ័យប្រវត្តិកម្មរដ្ឋបាលទូទៅ បានអនុញ្ញាតឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ពិសេសនាយកដ្ឋានបុគ្គលិក អាចគ្រប់គ្រងរចនាសម្ព័ន្ធពាក់ព័ន្ធនឹងព័ត៌មានរបស់មន្រ្តីតាមអគ្គនាយកដ្ឋាន, នាយកដ្ឋាន និងការិយាល័យ ចំណុះឱ្យក្រសួងពាណិជ្ជកម្ម តាមប្រព័ន្ធOnline និងការផ្ដល់សេវាក៏ដូចជាការរក្សាទុកទិន្នន័យ គឺនៅក្នុងមជ្ឈមណ្ឌលទិន្នន័យរបស់ក្រសួងតែម្ដង។

តាមរយៈប្រព័ន្ធនេះនាយកដ្ឋានបុគ្គលិក ក៏អាចស្វែងរកឈ្មោះមន្រ្តី ពិនិត្យចំនួនមន្រ្តីសរុប អាចទាញយករបាយការណ៍ព័ត៌មានរបស់មន្រ្តី អាចពិនិត្យព័ត៌មានមន្រ្តីដែលមានក្នុងតារាងបច្ចុប្បន្នភាពមន្រ្តីរាជការស៊ីវិល៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here