ខេត្តឈៀងម៉ៃវ៉ាដាច់ក្រុងសិង្ហបុរីជាទីក្រុងដ៏មានសុវត្ថិភាពបំផុត នៅតំបន់អាស៊ី

 

ដោយ: គង់ លាងហួរ

អន្តរជាតិ: ខេត្តឈៀងម៉ៃ ដែលស្ថិតនៅភាគខាងជើងប្រទេសថៃ ត្រូវបានគេដាក់ឈ្មោះថា ជាទីក្រុងដ៏មានសុវត្ថិភាពបំផុត នៅតំបន់អាស៊ីអាគ្នេយ៍ និងមានសុវត្ថិភាពបំផុតទី៣២ ក្នុងចំណោមទីក្រុងចំនួន៤១៦ ជុំវិញពិភពលោក។

យោងតាមគេហទំព័រ Numbeo បានឱ្យដឹងថា ខេត្តឈៀងម៉ៃបានឈ្នះ៧៥,៥ពិន្ទុ សម្រាប់សុវត្ថិភាពនៅតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់មក គឺទីក្រុង Davao នៅប្រទេសហ្វីលីពីន ដែលទទួលបាន៧២,៤ពិន្ទុ និងប្រទេសសិង្ហបុរីទទួលបាន៧០,៨ពិន្ទុ។

គេហទំព័រ Numbeo គឺជាមូលដ្ឋានទិន្នន័យដ៏ធំបំផុត របស់ពិភពលោក ដែលផ្តល់នូវសូចនាករស្តីពី លំនៅដ្ឋាន អត្រាឧក្រិដ្ឋកម្ម ការថែទាំសុខភាព ការដឹកជញ្ជូន និងតម្លៃនៃការរស់នៅ ។ល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំណែក រដ្ឋធានី Abu Dhabi របស់សហព័ន្ធអារ៉ាប់រួម ត្រូវបានដាក់ឈ្មោះថា ជាទីក្រុង ដែលមានសុវត្ថិភាពបំផុតក្នុងពិភពលោក ដោយមាន៨៨,៨ពិន្ទុ តាមពីក្រោយដោយរដ្ឋធានី Doha ប្រទេសកាតា និងទីក្រុងតៃប៉ិ ។

ទន្ទឹមនឹងនោះ ទីក្រុងបាងកក ជាប់ចំណាត់ថ្នាក់ទី១៧០ នៅទូទាំងពិភពលោក និងជាប់លេខ៧នៅតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបាន៥៩,៥ពិន្ទុ។

អ្នកនាំពាក្យរបស់រដ្ឋាភិបាលថៃ លោក Anucha Burapachaisri បានមានប្រសាសន៍ថា “នាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងអំណរគុណ ដល់ភ្នាក់ងារពាក់ព័ន្ធទាំងអស់ សម្រាប់ការធានាសុវត្ថិភាព ក្នុងចំណោមប្រជាជន”។

លោក​បាន​បន្ថែម​ថា ចំណាត់ថ្នាក់​នេះ​ក៏​ឆ្លុះ​បញ្ចាំង​ ពី​ការ​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​ ក្នុង​ការ​ដោះស្រាយ​ឧក្រិដ្ឋកម្ម ការ​លើក​កម្ពស់​ជីវភាព​ប្រជាជន និង​បង្កើន​ទំនុក​ចិត្ត​ ដល់​ជនបរទេសផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here