អ្នកជំនាញបង្ហាញក្បួនចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួននិងអាជីវកម្មទៅតាមអាទិភាពទាំង៤ក្នុងគ្រាលំបាក

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ លោក ង៉ែត ជូ អ្នកជំនាញហិរញ្ញវត្ថុមួយរូបនៅក្នុងប្រទេសបានបង្ហាញពីក្បួនចាត់ចែងហិរញ្ញវត្ថុផ្ទាល់ខ្លួន និងអាជីវកម្មក្នុងគ្រាដែលលំបាក ជាពិសេស នៅក្នុងវិបត្តិកូវីដ១៩និងគ្រា ដែលសេដ្ឋកិច្ចពិភពលោកកំពុងមានបញ្ហា។

លោកបានឱ្យដឹងថា ទោះជាមានសញ្ញាវិជ្ជមានមួយចំនួន ដូចជា ការត្រឡប់មកវិញនៃភ្ញៀវទេសចរណ៍ចិន កំណើននៃការនាំចេញផលិតផលវាយនភ័ណ្ឌមិនមែនកាត់ដេរ និងកំណើន នៃការនាំចេញផលិតផលកសិកម្មនានាឆ្នាំ២០២៣នេះ អាចជាគ្រាដ៏លំបាកបំផុតសំរាប់សេដ្ឋកិច្ចពិភពលោកទាំងមូល។

ក្នុងគ្រានេះបុគ្គល និងគ្រួសារនីមួយៗគួរចាត់ចែងធនធានហិរញ្ញវត្ថុផ្ទាល់ខ្លួនសំរាប់គ្រួសារ អាជីវកម្ម ម្ចាស់បំណុល និងភាគីពាក់ពន្ធ័ដទៃទៀតតាមអាទិភាពដូចតទៅ ៖

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

អាទិភាពទី១៖ ការបំពេញតំរូវការចាំបាច់ ​សំរាប់កា​ររស់នៅប្រចាំថ្ងៃ​របស់គ្រួសារ។បំពេញតំរូវការចាំបាច់សំរាប់គ្រួសាររបស់អ្នក ដូចជា ថ្លៃទឹកភ្លើង ហ្គាស ម្ហូបអាហារ ការធ្វើដំណើរ ថ្លៃសិក្សារបស់កូនៗ និងថ្លៃថែទាំសុខភាព និងព្យាបាលសំរាប់សមាជិកគ្រួសារទាំងមូល។ល។

អាទិភាពទី២៖ ការមើលថែអាជីវកម្ម និងបុគ្គលិកអោយបានល្អ ។ ប្រសិនបើអ្នកជាម្ចាស់អាជីវកម្ម គួរបំពេញតំរូវការក្នុងការគ្រប់គ្រងអាជីវកម្មអោយមានស្ថិរភាព និងបើកប្រាក់ខែជូនបុគ្គលិកគ្រប់រូបអោយបានទៀងទាត់។ បុគ្គលិកគ្រប់រូបតែងផ្ញើរវាសនានឹងការងាររបស់ខ្លួនតាមរយៈការរកចំណូលប្រចាំខែដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ និងបំពេញកាតព្វកិច្ចសងបំណុលនា។ល។

អាទិភាពទី៣៖ ការបំពេញកាតព្វកិច្ចបំណុល។ សងត្រឡប់កម្ចី និងបង់ការប្រាក់ជូនម្ចាស់បំណុលអោយបានទៀងទាត់ និងទាន់ពេលវេលាប្រសិនបើអ្នកនៅមានលទ្ធភាពផ្នែកហិរញ្ញវត្ថុបន្ទាប់ពីការបំពេញកាតព្វកិច្ចដែលជាអាទិភាពទី១ និងអាទិភាពទី២រួច។

អាទិភាពទី៤៖ ការចាប់យកឱកាសវិនិយោគល្អៗ។ប្រសិនបើអ្នកនៅមានលទ្ធភាពហិរញ្ញវត្ថុបន្ទាប់ពីបំពេញកាតព្វកិច្ចតាមអាទិភាពទាំង៣ខាងលើរួច អ្នកគួរឆ្លៀតឱកាសលៃលកវិនិយោគលើអចលនទ្រព្យ អាជីវកម្មនានា ឬភាគហ៊ុននៃអាជីវកម្មដែលចុះបញ្ជីនៅផ្សារហ៊ុនហើយមានសក្តានុពលអាចបានផលចំណេញខ្ពស់នាពេលអនាគត។

ទន្ទឹមនឹងនេះដែរ អ្នកគួរទុកមូលនិធិបំរុងសំរាប់អាទិភាពទី១ ទី៣ និងទី៣ ខាងលើអោយបានយ៉ាងតិច៦ខែ ឬ១ឆ្នាំទៀតត្បិតអីស្ថានភាពសេដ្ឋកិច្ចសាកលនាពេលនេះពោរពេញដោយភាពមិនប្រាកដប្រជា។ ការឆ្លៀតឱកាសវិនិយោគក្នុងគ្រាដ៏លំបាកនេះមានអត្ថប្រយោជន៍ចម្បងៗពីរយ៉ាងគឺ ឱកាសរកប្រាក់ចំណេញបានច្រើន និងជាការចូលរួមចំណែកស្តារ និងជំរុញស្ថានភាពសេដ្ឋកិច្ចឱ្យមានភាពប្រសើរឡើងវិញនាពេលដ៏ខ្លីខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here