ដំណឹងល្អ កូរ៉េខាងត្បូងគ្រោងជ្រើសរើសពលករជាង១សែននាក់ក្នុងឆ្នាំ២០២៣

សុខុម

សេអ៊ូល: វាជាដំណឹងដ៏ល្អមួយសម្រាប់ពលរដ្ឋកម្ពុជា នៅពេលប្រទេសកូរ៉េខាងត្បូង មានគម្រោងជ្រើសរើសពលករចំណាកស្រុករហូតដល់ទៅប្រមាណ១១០.០០០នាក់ក្នុងឆ្នាំ២០២៣ ដើម្បីយកទៅធ្វើការនៅតាមកសិដ្ឋាន និងរោងចក្រនានា ខណៈអាជីវកម្មមួយចំនួនជឿថាអាចនឹងត្រូវការពលករច្រើនជាងនេះ។

បច្ចុប្បន្នវិស័យទាំងនេះកំពុងប្រឈមមុខនឹងកង្វះកម្លាំងពលកម្មយ៉ាងខ្លាំង ដោយសារតែយុវជនកូរ៉េខាងត្បូង ជាច្រើនបានគេចចេញពីការងារទាំងនេះដែលពួកគេចាត់ទុកថាកខ្វក់ និងមានគ្រោះថ្នាក់។ នេះបើយោងតាមសារព័ត៌មាន CAN ចុះផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែមករា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្នុងការស្ទង់មតិថ្មីៗនេះដោយសហព័ន្ធសហគ្រាសកូរ៉េ (KEF) បង្ហាញថា អាជីវកម្មខ្នាតតូច និងមធ្យម (SME) ប្រមាណ៤០%ដែលត្រូវបានស្ទង់មតិលើកឡើងថា ពួកគេយល់ថា រដ្ឋាភិបាលមិនបានយល់ច្បាស់អំពីទំហំនៃបញ្ហានេះឡើយ។

ពួកគេបានបន្ថែមថា ពលករចំណាកស្រុកថ្មីចំនួន១១០.០០០នាក់ដែលនឹងត្រូវបានជ្រើសរើសឱ្យមកធ្វើការនៅក្នុងប្រទេសនេះ គឺមិនអាចបំពេញតម្រូវការជាក់ស្ដែងបាននោះទេ ខណៈកង្វះពលកម្មមានច្រើនជាងនេះឆ្ងាយ។

ក្រុមអ្នកសង្កេតការណ៍និយាយថា បើគ្មានពលករចំណាកស្រុកទាំងនេះទេ កសិដ្ឋាន និងរោងចក្រមួយចំនួននៅកូរ៉េខាងត្បូង នឹងគ្មានបុគ្គលិកធ្វើការ។

ពលករខ្មែរ ម្នាក់ដែលធ្វើការនៅកសិដ្ឋានក្នុងប្រទេសកូរ៉េខាងត្បួង ប្រមាណ៧ឆ្នាំនិយាយថា ការងារនេះធ្វើឱ្យនាងមានលទ្ធភាពផ្ញើប្រាក់មកស្រុកប្រមាណ១.០០០ដុល្លារអាមេរិក ជារៀងរាល់ខែ។ នាងនិយាយដោយភាពរីករាយថា “ខ្ញុំចូលចិត្តនៅទីនេះ បន្ទប់របស់ខ្ញុំស្អាត ហើយថៅកែក៏ចិត្តល្អទៀត”។

ដោយសារកូរ៉េខាងត្បូង កាន់តែពឹងផ្អែកកាន់តែខ្លាំងឡើងលើពលករចំណាកស្រុក តួយ៉ាងពលករខ្មែរ ជាដើម ការគោរពសិទ្ធិរបស់ប្រទេសនេះទៅលើពលករចំណាកស្រុកត្រូវស្ថិតក្រោមការត្រួតពិនិត្យយ៉ាងហ្មត់ចត់។

យោងតាមសារព័ត៌មាន Khmer Times ចុះផ្សាយអំឡុងខែមេសា ឆ្នាំ២០២២ ឱ្យដឹងថា ពលរដ្ឋខ្មែរ ដែលទៅធ្វើការនៅ៧ប្រទេស និងដែនដីរួមមានថៃ កូរ៉េខាងត្បូង ម៉ាឡេស៊ី ជប៉ុន សិង្ហបុរី ហុងកុង និងអារ៉ាប៊ីសាអូឌីត មានជាង១,៣លានាក់ ដោយក្នុងនោះរួមមាន៤៥.០០០នាក់នៅកូរ៉េខាងត្បូង ហើយនៅថៃ មានច្រើនជាងគេរហូតដល់ជាង១,២លាននាក់៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here