កូរ៉េខាងត្បូងពិនិត្យលទ្ធភាពទាញយកប្រយោជន៍អតិបរមាពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ

ដោយ៖ សុផារី

ប្រទេសកូរ៉េ៖ ប្រទេសកូរ៉េខាងត្បូងនឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

នេះបើយោងតាមការអះអាងរបស់លោក Byung-Kwan Kim ប្រធានសមាគមអ្នកនាំចូលកូរ៉េ នៅក្នុងជំនួបជាមួយលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងលោក សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ប៉ាន សូរស័ក្តិ បានលើកទឹកចិត្តសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យទាញយកប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលកម្ពុជានិងកូរ៉េជាសមាជិក ដែលរួមមានជាអាទិ៍ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កូរ៉េ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ដែលទើបនឹងចូលជាធរមានកាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ និងក៏ដូចជាការការលើកទឹកចិត្តនានានៅក្រោមច្បាប់ស្តីពីវិនិយោគថ្មី។

លោករដ្ឋមន្រ្តី បានផ្តោតសំខាន់ថា ខណៈដែលកិច្ចព្រមព្រៀងពាណិជ្ជកម្មទាំងនោះ បានផ្តល់ទីផ្សារអនុគ្រោះ និងលក្ខខណ្ឌអំណោយផល សម្រាប់ផលិតករ អ្នកនាំចេញ នាំចូល ទាំងកម្ពុជា និងកូរ៉េ ក្នុងការជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ ទៅវិញទៅមក កិច្ចព្រមព្រៀងទាំងនោះក៏នឹងដើរតួនាទីសំខាន់ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ រវាងប្រទេសទាំងពីរ ផងដែរ។

លោកប្រធានសមាគមអ្នកនាំចូលកូរ៉េ បានស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ ឯកឧត្តម រដ្ឋមន្ត្រី និងគណៈប្រតិភូ ដែលបានឆ្លៀតពេលដ៏មមាញឹកផ្តល់កិត្តិយសអញ្ជើញទស្សនកិច្ច និងពិភាក្សាការងារនៅទីស្នាក់ការរបស់សមាគមអ្នកនាំចូលកូរ៉េ នាទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ។

លោកប្រធានបានសម្តែងនូវទសុទិដ្ឋិនិយម ថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ នឹងលើកកម្ពស់វិស័យពាណិជ្ជកម្ម សេដ្ឋកិច្ច និងវិនិយោគ រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត។ លោកប្រធាននឹងជំរុញសមាជិកសមាគមអ្នកនាំចូលកូរ៉េ ឱ្យពិនិត្យលទ្ធភាពនាំចូលទំនិញកម្ពុជាមកទីផ្សារកូរ៉េ និងស្វែងរកដៃគូនៅកម្ពុជាបន្ថែមទៀត ជាពិសេសទាញយកប្រយោជន៍កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-កូរ៉េ។

វិស័យឯកជនពាក់ព័ន្ធនៃប្រទេសទាំងពីរ បានធ្វើណែនាំពីកម្មវត្ថុអាជីវកម្មរបស់ខ្លួន និងចែករំលែកទៅវិញទៅមកនូវព័ត៌មានពាណិជ្ជកម្ម ប្រតិបត្តិការអាជីវកម្ម និងវិស័យ/ទំនិញសក្កានុពល ដែលជាចំណាប់អារម្មណ៍ ដើម្បីសហការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងកូរ៉េ ក៏ដូចជាការវិនិយោគក្នុងពេលខាងមុខ៕

LEAVE A REPLY

Please enter your comment!
Please enter your name here