មន្រ្តីរដ្ឋាភិបាលសម្តែងក្តីបារម្ភពីកំណើនឥណទានបំណុលរបស់ ប្រជាពលរដ្ឋកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ ជាលើកដំបូងហើយ ដែលមន្រ្តីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញការព្រួយបារម្ភ ចំពោះការកើនឡើងនៃឥណទាន ឬបំណុល​ឯកជននៅកម្ពុជា ដែលកើនឡើងដល់ជាង៥០ពាន់​លានដុល្លារ ស្មើនឹងប្រមាណ១​៨០% នៃផលិតផលក្នុងស្រុកសរុប (GDP) ស្របពេលដែលនិន្នាការអត្រាការប្រាក់កំពុងកើនឡើង។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្ស៊ី វិស្សុតបានបង្ហាញពីការព្រួយបារម្ភបែបនេះ ធ្វើឡើងក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។

លោកបានបញ្ជាក់ថា “ជាទូទៅប្រទេសកំពុងអភិវឌ្ឍន៍ដូចកម្ពុជា សម្រា​ប់ឥណទាន​ ឬបំណុលឯកជន មានត្រឹមតែ៧០% នៃGDP ប៉ុណ្ណោះ”។​លោកបន្តថា “យ៉ាងណាមកទល់ពេលនេះ​ បំណុលឯកជននៅកម្ពុជា កើនឡើងរហូតដល់១៨០%នៃផលទុនជាតិសរុប (GDP) ដែលលើសពីតួលេខធម្មតា ខណៈនៅក្នុងតំបន់អាស៊ានបំណុលឯកជន ស្ថិតក្នុងរង្វង់១១០% នៃGDP”។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកវង្ស៊ី វិស្សុតបានឲ្យដឹងថា ក្នុងចំណោម​ឥណទានឯកជន​ចំនួនជាង ៥០ពាន់លានដុល្លារនេះ ក្នុងនោះ​២៥% ឬប្រមាណ១៣ពាន់លានដុល្លារត្រូវបានផ្តល់ឱ្យគ្រួសារ។ ចំណែក៧៥% ឬប្រមាណ៤០ពាន់លានដុល្លារ​ផ្តល់ទៅក្រុមហ៊ុន​។ ក្នុងចំណោមឥណទានទាំងនោះ ចំនួន៨៣% ផ្តល់ធនាគារពាណិជ្ជ និង១៧% ផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។ ​

លោកវង្ស៊ី វិស្សុតបានបន្ថែមថា ការកើនឡើងនៃបំណុលឯកជននេះ ទាមទារឱ្យមានការដោះស្រាយ ដើម្បី​បង្ការបន្ទុករបស់ពលរដ្ឋ និងសេដ្ឋកិច្ចជាតិ ខណៈបច្ចុប្បន្ននេះ អត្រាការប្រាក់អន្តរជាតិ បានកើនឡើង​ជាបន្តបន្ទាប់។

លោកបន្ថែមថា “ការកើនឡើងនៃបំណុលឯកជននេះ ម្ខាងទ្រទ្រង់សេដ្ឋកិច្ច ម្ខាងទៀតបង្កើតនូវហានិភ័យ ពេលដែលការប្រាក់បានកើនឡើងថែមទៀត នាពេលបច្ចុប្បន្ន ហើយឥឡូវវិស័យមួយចំនួន បានចាប់ផ្តើមប៉ះពាល់ ជាពិសេសវិស័យអចលនទ្រព្យ និងសំណង់។

លោកបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣នេះ ទាក់ទងនឹងប្រាក់បញ្ញើសន្សំអត្រាការប្រាក់ មានការកើនឡើងមួយកម្រិត ដោយសារតែបរិបទនៃអត្រាការប្រាក់អន្តរជាតិ មានការកើនឡើងខ្ពស់ បើប្រៀបធៀបនឹងរយៈពេល ៦ឬ៧ខែចុងក្រោយនេះ។ អីចឹងមកដល់ពេលនេះ អត្រាការប្រាក់អន្តរជាតិ គឺនៅតែបន្តរក្សាការកើនឡើងជាបន្តបន្ទាប់​។ នៅពេលដែលថ្លៃដើមមានការកើនឡើង ខ្ញុំគិតថាសមាជិកនីមួយៗនឹងមានការពិចារណាទៅលើបញ្ហានេះ​ អាចថានឹងមានការរក្សាដដែល ឬមានការកើនឡើងតិចតួច ដើម្បីធ្វើ​យ៉ាងណាឱ្យគាត់អាចរស់រានមានជីវីត បើសិនណាថ្លៃដើមឡើងខ្ពស់ ហើយគាត់នៅរក្សាដដែលទៀត វានឹងធ្វើឱ្យប៉ះពាល់ដល់ប្រតិបត្តិការរបស់គាត់

លោកបន្តថា “ខ្ញុំជឿជាក់ថានៅប្រទេសកម្ពុជា បើទោះបីជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុខ្លះ គាត់រក្សានូវអត្រាការប្រាក់ដដែល ឬថយ ខ្លះក៏មានការឡើងតិចតួច ប៉ុន្តែការឡើងនេះ ខ្ញុំគិតថា វាអត់ឡើងដូចដែលទីផ្សារអន្តរជាតិឡើងទេ អាចថាឡើងក្នុងកម្រិតតិចតួចបំផុត ឬរក្សានៅដដែល

លោកលើកឡើងថា បើទោះបីជាមានការកើនឡើង នូវអត្រាការប្រាក់កម្ចីក៏ដោយ ​តែនឹងមិនកាត់បន្ថយចំនួនអ្នកកម្ចីនោះទេ ដែលរំពឹងថាកំណើ​នឥណទាន នឹងបន្តកើនឡើងនៅក្នុងឆ្នាំ២០២៣ និងការកើនឡើងនៃប្រាក់បញ្ញើក្នុងកម្រិតមួយ ដើម្បីឱ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រើប្រាស់សាច់ប្រាក់ទាំង​នេះ សម្រាប់ផ្តល់កម្ចីដល់ពលរដ្ឋ ដែលត្រូវបានកម្ចីយកទៅពង្រីក ឬស្តារអាជីវកម្ម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here