ក្រសួងពាណិជ្ជកម្មផ្សព្វផ្សាយច្បាប់ស្តីពីការប្រកួតប្រជែងនិងកិច្ចការពារអ្នកប្រើប្រាស់

ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ឋ”។

សិក្ខាសាលានេះ បានប្រារពធ្វើនាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ នៅខេត្តកែប ដោយបានសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី “ការអនុវត្តច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងបទប្បញ្ញត្តិពាក់ព័ន្ឋ” ក្រោមអធិបតីភាពរបស់លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋាន ក.ប.ប. ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ឋផងដែរ។

សមាសភាពចូលរួមក្នុងសិក្ខាសាលាខាងលើនេះ មានចំនួនប្រមាណ ១៥០នាក់ ដែលជាតំណាងចូលរួមមកពី ម្ចាស់អាជីវករក្នុងខេត្តកែប សមាជិកសភាពាណិជ្ជកម្មខេត្តកំពត -កែប សភាពាណិជ្ជកម្មខេត្តកណ្តាល សភាពាណិជ្ជកម្មខេត្តតាកែវ អង្គភាពមន្ទីរជុំវិញខេត្តកែប ស្ថាប័នអយ្យការខេត្តកែប និងមន្រ្តីសាខា ក.ប.ប. រាជធានី-ខេត្ត ដែលរួមានខេត្តកែប ខេត្តកំពត តាកែវ កណ្តាល និងរាជធានីភ្នំពេញ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សិក្ខាសាលានាថ្ងៃនេះ នឹងដើរតួជាវេទិកាមួយក្នុងការផ្សព្វផ្សាយ ដើម្បីបញ្រ្ជាបការយល់ដឹងដល់ភាគីពាក់ព័ន្ធ រួមមានធុរជន អ្នកប្រើប្រាស់ និងមន្រ្តីអនុវត្តច្បាប់ ឱ្យបានទូលំទូលាយអំពីការអនុវត្ត និងអត្ថប្រយោជន៍នៃច្បាប់ទាំង៣ ជាពិសេសអនុក្រឹត្យស្តីពី ការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ដែលរាជរដ្ឋាភិបាលទើបអនុម័តនាពេលថ្មីៗនេះ ក្នុងការជំរុញឱ្យមានការប្រកួតប្រជែង ក្នុងពាណិជ្ជកម្មប្រព្រឹត្តទៅប្រក​បដោយសមធម៌ ព្រមទាំងការធ្វើធុរកិច្ចដោយស្មោះត្រង់និងសុចរិត ការពារផលប្រយោជន៍ និងសុខុមាលភាពរបស់អ្នកប្រើប្រាស់ ព្រមទាំងបង្ហាញពីបទល្មើសនិងទោសទណ្ឌក្រោមបទប្បញ្ញត្តិផងដែរ ដល់អ្នកចូលរួម។

សិក្ខាសាលានាថ្ងៃនេះ គឺជាសិក្ខាសាលាលើកទី១ ក្នុងឆ្នាំ២០២៣ ពាក់ព័ន្ធនឹងច្បាប់ស្តីពីការប្រកួតប្រជែង ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ច្បាប់ស្តីពីសុវត្ថិភាពម្ហូបអាហារ និងអនុក្រឹត្យស្តី ពីការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មលើផលិតផលទំនិញនិងសេវា ហើយគ្រោងនឹងរៀបចំឡើងចំនួន៥លើកបន្ថែមទៀតនៅទូទាំងប្រទេស តាមចង្កោមរាជធានី-ខេត្ត៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here