UN: សេដ្ឋកិច្ចពិភពលោកនឹងសម្រេចបានកំណើនត្រឹមជិត២ភាគរយនៅឆ្នាំ២០២៣នេះ

ដោយ: គង់ លាងហួរ
អន្តរជាតិ: យោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ(UN) បានឱ្យដឹងថា កំណើនសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា នឹងថយចុះពី៣ភាគរយក្នុងឆ្នាំ២០២២ ដល់១,៩ភាគរយ នៅក្នុងឆ្នាំ២០២៣ ដែលជាអត្រាកំណើនទាបបំផុតមួយ។

របាយការណ៍ស្តីពីស្ថានភាពសេដ្ឋកិច្ចពិភពលោក និងទស្សនវិស័យឆ្នាំ 2023 របស់អង្គការសហប្រជាជាតិបានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងកើនឡើងក្នុងកម្រិតមធ្យមដល់ទៅ២,៧ភាគរយ នៅឆ្នាំ២០២៤ ខណៈបញ្ហាម៉ាក្រូសេដ្ឋកិច្ចមួយចំនួនត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ។

របាយការណ៍បានបន្តថា ស្របពេលអតិផរណាហក់ឡើងខ្ពស់ ការរឹតបន្តឹងរូបិយវត្ថុដ៏ខ្លាំងក្លា និងការកើនឡើងនៃភាពមិនច្បាស់លាស់ បានធ្វើឱ្យល្បឿននៃការងើបឡើងវិញនៃសេដ្ឋកិច្ចពីវិបត្តិកូវីដមានការយឺតយ៉ាវ ដោយបានគំរាមកំហែងដល់ប្រទេសមួយចំនួន ទាំងប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ជាមួយនឹងទស្សនវិស័យនៃការធ្លាក់ចុះសេដ្ឋកិច្ចនៅឆ្នាំ២០២៣នេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សន្ទុះកំណើនសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្តាប្រទេសអភិវឌ្ឍន៍ផ្សេងទៀត ក្នុងឆ្នាំ២០២២  ដែលជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចពិភពលោក។

ផលិតផលក្នុងស្រុកសរុប (GDP) របស់អាមេរិក ត្រូវបានព្យាករណ៍ថា នឹងកើនឡើងត្រឹមតែ០,៤ភាគរយប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីមានកំណើនប្រមាណ១,៨ភាគរយ ក្នុងឆ្នាំ២០២២។

ចំណែកឯ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសចិនត្រូវបានព្យាករណ៍ថា នឹងមានភាពប្រសើរឡើង ក្នុងកម្រិតមធ្យម នៅឆ្នាំ២០២៣។

ខណៈរដ្ឋាភិបាលចិនបានកែសម្រួលគោលនយោបាយកូវីដសូន្យ និងបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ និងសារពើពន្ធ កំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន ត្រូវបានគេព្យាករណ៍ថា នឹងកើនឡើងដល់៤,៨ភាគរយនៅឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here