ដោយៈ សុខុម
តូក្យូ: រដ្ឋមន្ត្រីការបរទេសជប៉ុន និងកម្ពុជា បានព្រមព្រៀងគ្នាកាលពីថ្ងៃអង្គារ ទី២៤ ខែមករាថា ប្រទេសទាំងពីរនឹងបន្ត ផ្ដល់កិច្ចសហប្រតិបត្តិការផ្នែកបោសសម្អាតគ្រាប់មីន និងអាវុធយុទ្ធភណ្ឌមិនទាន់ផ្ទុះ របស់រុស្ស៊ី នៅអ៊ុយក្រែន ខណៈសង្គ្រាមក្នុងប្រទេសនៅអឺរ៉ុបខាងកើត មួយនេះបន្តអូសបន្លាយ។
លោកYoshimasa Hayashi រដ្ឋមន្ត្រីការបរទេសជប៉ុន បានថ្លែងបែបនេះ បន្ទាប់ពីជំនួបជាមួយលោកប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា នៅទីក្រុងតូក្យូ ហើយលោកទាំងពីរក៏បានសន្យា ជំរុញទំនាក់ទំនងរវាងជប៉ុន និងកម្ពុជាឱ្យកាន់តែរឹងមាំបន្ថែមទៀតផងដែរ ខណៈឆ្នាំនេះជាខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ។
រដ្ឋាភិបាលនៃប្រទេសទាំងពីរ បានប្រកាសកាលពីសប្តាហ៍មុនថា ខ្លួនបាននិងកំពុងចាប់ផ្តើម ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីអ៊ុយក្រែន ផ្នែកបោសសម្អាតគ្រាប់មីនដាក់ដោយរុស្ស៊ី ដែលបានបញ្ឆេះសង្គ្រាមចូលឈ្លានពានអ៊ុយក្រែន នៅថ្ងៃទី២៤ ខែកុម្ភៈ ដើមឆ្នាំ២០២២។
ប្រទេសជប៉ុន ក៏បានចូលរួមចំណែកផងដែរ នៅក្នុងកិច្ចប្រឹងប្រែងបោសសម្អាតគ្រាប់មីននៅកម្ពុជា ដែលគ្រាប់មីនរាប់លានគ្រាប់ត្រូវបានដាក់ ឬ បង្កប់អំឡុងសង្គ្រាមស៊ីវិលឆ្នាំ១៩៧០-១៩៩១ នៅកម្ពុជា។
លោកYoshimasa Hayashi មានប្រសាសន៍ថា “ប្រទេសទាំងពីរបានជំរុញទំនាក់ទំនងឱ្យកាន់តែរឹងមាំ ប្រកបដោយការជឿទុកចិត្ត តាមរយៈការកសាងសន្តិភាព ការកសាងឡើងវិញ និងការងារអភិវឌ្ឍន៍នៅក្នុងប្រទេសកម្ពុជា”។
ទន្ទឹមនេះ លោកប្រាក់ សុខុន ក៏បានបញ្ជាក់ជំហរដែរថា កម្ពុជា គាំទ្រយុទ្ធសាស្ត្រសន្តិសុខជាតិ របស់រដ្ឋាភិបាលជប៉ុន ដែលត្រូវបានធ្វើបច្ចុប្បន្នភាពកាលពីខែមុន។
គោលការណ៍ណែនាំ គោលនយោបាយរយៈពេលវែងថ្មីនេះ ចែងអំពីសិទ្ធិរបស់ជប៉ុន ក្នុងការទិញសព្វាវុធដែលមានសមត្ថភាព វាយប្រហារមូលដ្ឋានទ័ពរបស់សត្រូវ ដែលនេះជាការផ្លាស់ប្តូរដ៏ធំមួយ នៅក្នុងគោលនយោបាយ ផ្ដោតតែលើការការពារខ្លួនរបស់ជប៉ុន ក្រោមរដ្ឋធម្មនុញ្ញសន្តិភាពនិយម។
យោងតាមលោក Yoshimasa Hayashiបានឱ្យដឹងថា លោកទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈគ្នាទៅវិញទៅមក អំពីការគំរាមកំហែងនុយក្លេអ៊ែរ និងកាំជ្រួចមីស៊ីល របស់ប្រទេសកូរ៉េខាងជើង និងស្ថានភាពសន្តិសុខនៅក្នុងសមុទ្រចិនខាងកើត និងសមុទ្រចិនខាងត្បូង ដែលប្រទេសចិនបាននិងកំពុងបង្កើនសកម្មភាពយោធាផងដែរ៕ Japan Times៕