អង់គ្លេសអនុវត្តន៍ប្រពន្ឋអនុគ្រោះថ្មីដើម្បីជួយដល់ប្រទេសអភិវឌ្ឍន៍ តិចតួចរួមទាំងកម្ពុជា

 ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោកប៉ាន សូរស័ក្តិបានបង្ហាញនូវការពេញចិត្ត ចំពោះការអនុវត្តប្រព័ន្ធអនុគ្រោះពន្ធថ្មី របស់ចក្រភពអង់​   គ្លេស ដែលបានផ្តល់ជូនដល់ប្រទេសអភិវឌ្ឍន៍តិចតួច រួមទាំងកម្ពុជាផងដែរ។

លោករដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជាបានថ្លែងបន្តថា ការផ្តល់នេះបានរួមចំណែកក្នុងការគាំទ្រដល់ធុរជន និងវិនិយោគិនកម្ពុជា ជំរុញការនាំចេញ បង្កើនឱកាសការងារ និងការអភិវឌ្ឍប្រទេសជាតិ ប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសចូលរួមក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ពីវិបត្តិជំងឺកូវីដ-១៩។ ជាមួយគ្នានេះ ភាគីកម្ពុជា ក៏បានស្នើសុំភាគីចក្រភពអង់គ្លេស ពិចារណាក្នុងការវិនិយោគ លើការកែច្នៃផលិតផលកសិកម្ម ម្ហូបអាហារ និងកសិឧស្សាហកម្មផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកប៉ាន សូរស័ក្ដិ បានលើកឡើងបែបនេះ ក្នុងពេលជួបពិភាក្សាការងារជាមួយ លោក Dominic WILLIAMS ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានកត់សម្គាល់ពីកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងកម្ពុជា និងចក្រភពអង់គ្លេស ជាពិសេសចំពោះការកើនឡើងនៃទំហំពាណិជ្ជកម្មទ្វេភាគី ព្រមទាំងបានបង្ហាញពីឆន្ទៈ ក្នុងការចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីការបង្កើតវេទិកាពាណិជ្ជកម្ម និងវិនិយោគរួមគ្នារវាងប្រទេសទាំងពីរ នាពេលសមស្របខាងមុខ ដើម្បីជំរុញការវិនិយោគ និងកំណើនពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ចក្រភពអង់គ្លេស ជាទីផ្សារដ៏សំខាន់មួយ សម្រាប់ផលិតផលកសិកម្ម និងកម្មន្តសាលរបស់កម្ពុជា ដែលទំហំពាណិជ្ជកម្មទ្វេភាគី ររវាងប្រទេសទាំងពីរ សម្រេចបានប្រមាណ១ប៊ីលានដុល្លារអាម៉េរិក នៅឆ្នាំ២០២២ ជាមួយនឹងកំណើនប្រមាណ២៤% បើប្រៀបធៀបនឹងឆ្នាំ២០២១ ដែលសម្រេចបាន៧៨៦លានដុល្លារអាមេរិក។

ទំនិញនាំចេញសក្តានុពលពីកម្ពុជា ទៅចក្រភពអង់គ្លេស រួមមាន សំលៀកបំពាក់ ស្បែកជើង កង់ និងផលិតផលកសិកម្មជាដើម រីឯទំនិញនាំចូលសក្តានុពល ពីចក្រភពអង់គ្លេសមកកម្ពុជាវិញ រួមមាន គ្រឿងយន្ត ឱសថ និងភេសជ្ជៈ។ល៕

LEAVE A REPLY

Please enter your comment!
Please enter your name here