ប្រទេសកម្ពុជា ស្វីសកាន់តែខិតជិតគ្នាលើទំនាក់ទំនងពាណិជ្ជកម្ម

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក លោកប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយ លោកជំទាវ Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស ដើម្បីពិភាក្សាការងារស្ដីពី កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

ក្នុងជំនួបទ្វេភាគីនេះ លោករដ្ឋមន្ត្រី បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា ការផ្លាស់ប្តូរពាណិជ្ជកម្ម រវាងប្រទេសទំាងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និង​ប្រទេសស្វីស​ មានចំនួនសរុបប្រមាណ ៣៧៩លានដុល្លាអាមេរិក។ រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណ៩៧៤លានដុល្លាអាមេរិក។

ទាក់ទងនឹងការងារនេះផងដែរ លោករដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយលោកជំទាវ Helene Budliger Artieda លើការពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

ជាការឆ្លើយតប លោកជំទាវ Helene Budliger Artieda បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីសបាននិងកំពុងគាំទ្រកម្ពុជា ក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងប្រទេសកម្ពុជាផងដែរ។

លោកជំទាវបានកោតសរសើរ ពីការជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ៕

LEAVE A REPLY

Please enter your comment!
Please enter your name here