មហាយក្សចិនក្លាយជាប្រទេសនាំចេញដ្រូនបំពាក់សព្វាវុធវាយ ប្រហារធំជាងគេក្នុងពិភពលោក

ដោយៈ សុខុម

អន្តរជាតិ: រាប់ចាប់ពីប្រទេសអារ៉ាប៊ីសាអូឌីត មីយ៉ាន់ម៉ា អ៊ីរ៉ាក់ រហូតដល់ប្រទេសអេត្យូពី យោធាកាន់តែច្រើនឡើងៗនៅទូទាំងពិភពលោក កំពុ​ងសម្រុកទិញដ្រូន (យន្តហោះគ្មានមនុស្សបើក) បំពាក់សព្វាវុធវាយប្រហាររបស់ប្រទេសចិន ដើម្បីទុកប្រើប្រាស់នៅក្នុងសមរភូមិប្រយុទ្ធ។

យោងតាមសារព័ត៌មាន Aljazeera ចុះផ្សាយកាលពីថ្ងៃអង្គារ ទី២៤ ខែមករាបានឱ្យដឹងថា នៅក្នុងប្រទេសយេម៉ែន ក្រុមកងទ័ពចម្រុះមួយដែលដឹកនាំដោយប្រទេសអារ៉ាប៊ីសាអូឌីត បានបញ្ជូនដ្រូនចិន ជាផ្នែកមួយនៃយុទ្ធនាការ វាយប្រហារតាមផ្លូវអាកាស ដែលបានសម្លាប់ជនស៊ីវិលយេម៉ែន ជាង៨.០០០នាក់ ក្នុងរយៈពេល៨ឆ្នាំចុងក្រោយនេះ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទន្ទឹមនេះ នៅក្នុងប្រទេសអ៊ីរ៉ាក់ អាជ្ញាធរនិយាយថា ពួកគេបានប្រើប្រាស់ដ្រូនចិន ដើម្បីធ្វើការវាយឆ្មក់តាមអាកាសជាង២៦០លើក ទៅលើគោលដៅរបស់ក្រុមភេរវករ ISIS គិតត្រឹមពាក់កណ្តាលឆ្នាំ២០១៨ ជាមួយនឹងអត្រាជោគជ័យជិត១០០%។

នៅក្នុងប្រទេសមីយ៉ាន់ម៉ា ឯណោះវិញ យោធាដែលប្រដាប់ដោយដ្រូនចិន បានធ្វើការវាយប្រហារតាមផ្លូវអាកាស រាប់រយលើកទៅលើជនស៊ីវិល និងក្រុមប្រដាប់អាវុធជនជាតិភាគតិច ដែលប្រឆាំងនឹងការដណ្តើមអំណាចរបស់ខ្លួនកាលពី២ឆ្នាំមុន ខណៈនៅក្នុងប្រទេសអេត្យូពី កងនាវារបស់នាយករដ្ឋមន្ត្រី Abiy Ahmed ដែលមានដ្រូនចិន ដ្រូនអ៊ីរ៉ង់ និងដ្រូនតួកគី ដើរតួនាទីយ៉ាងសំខាន់ នៅក្នុងការជួយកងកម្លាំងរបស់លោក រារាំងការដង្ហែក្បួនរបស់ពួកឧទ្ទាមក្នុងឆ្នាំ២០២១ ដែលបានគំរាមកំហែងផ្តួលរំលំរដ្ឋាភិបាលរបស់លោក។

អ្នកទិញដ្រូនវាយប្រហាររបស់ចិន ផ្សេងៗទៀតរួមមានប្រទេសម៉ារ៉ុក អេហ្ស៊ីប អាល់ហ្សេរី អារ៉ាប់រួមអេមីរ៉ាត ប៉ាគីស្ថាន និងស៊ែប៊ី។

ទិន្នន័យពីវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ ក្រុងស្តុកខុល (SIPRI) ដែលតាមដានសកម្មភាពទិញលក់ និងបញ្ជូនសព្វាវុធទូទាំងពិភ​ពលោកបង្ហាញថា ប្រទេសចិនបានលក់ដ្រូន វាយប្រហារប្រមាណ២៨២គ្រឿងឱ្យទៅ១៧ប្រទេស ក្នុងរយៈពេលមួយទសវត្សរ៍មកនេះ ដែលធ្វើឱ្យប្រទេសចិន ក្លាយជាអ្នកនាំចេញដ្រូន វាយប្រហារឈានមុខគេក្នុងពិភពលោក។

បើធ្វើការប្រៀបធៀបគ្នា សហរដ្ឋអាមេរិក ដែលមានដ្រូនវាយប្រហារទំនើបបំផុតក្នុងពិភពលោកបានលក់ និងបញ្ជូនដ្រូនវាយប្រហារទៅក្រៅប្រទេសតែ១២គ្រឿងប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នានេះ ដោយទាំង១២គ្រឿងនោះត្រូវបានបញ្ជូនទៅឱ្យបារាំង និងអង់គ្លេស។

ទោះជាយ៉ាងណា សហរដ្ឋអាមេរិក នៅតែនាំមុខគេក្នុងការនាំចេញដ្រូនឃ្លាំមើលស៊ើបយកការណ៍ ដែលមិនមានបំពាក់អាវុធវាយប្រហារ៕ Aljazeera៕

LEAVE A REPLY

Please enter your comment!
Please enter your name here