តើ​ប្រាក់​យ័ននឹងវិវត្តទៅជាយ៉ាងណាក្នុង​ឆ្នាំ២០២៣ ខណៈធនាគារកណ្តាលអាមេរិកបន្ត​រឹតបន្តឹងរូបិយវត្ថុ?

ដោយ: គង់ លាងហួរ

ប៉េកាំង: នៅឆ្នាំ២០២២ ធនាគារកណ្តាលអាមេរិកបានដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លា និងកាត់បន្ថយតារាងតុល្យការរបស់ខ្លួន ដោយចាប់ផ្តើមរឹតបន្តឹងរូបិយវត្ថុយ៉ាងលឿនបំផុត។

ទោះបីជាអត្រាប្តូរប្រាក់យ័នរបស់ចិនបានឆ្លងកាត់ការកែសម្រួល និងការប្រែប្រួលខ្លះក៏ដោយ ប៉ុន្តែវាបានផ្លាស់ប្តូរយ៉ាងរលូនទៅរកការប្រែប្រួល២ផ្លូវនៅពេលនេះ។ នៅឆ្នាំ២០២៣នេះ ឥទ្ធិពលលេចធ្លាយនៃគោលនយោបាយរូបិយវត្ថុរឹតបន្តឹងរបស់ ធនាគារកណ្តាលអាមេរិក(Fed) ត្រូវបានគេរំពឹងថានឹងបន្តកើតឡើង។

ការធ្វើឱ្យស៊ីជម្រៅកំណែទម្រង់ទីផ្សារនៃអត្រាប្តូរប្រាក់ និងការរក្សាភាពបត់បែននៃអត្រាប្តូរប្រាក់នឹងធានាបាននូវការអភិវឌ្ឍន៍ប្រកបដោយគុណភាពខ្ពស់របស់ប្រទេសចិន និងការបើកចំហកម្រិតខ្ពស់ប្រឆាំងនឹងវិបត្តិពីខាងក្រៅ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រាក់យ័នរបស់ចិនក្នុងឆ្នាំ២០២២ បានទទួលការកែសម្រួលលឿនបំផុត និងស៊ីជម្រៅបំផុត ចាប់តាំងពីកំណែទម្រង់ដ៏ធំនៃប្រព័ន្ធបង្កើតរូបិយប័ណ្ណបរទេសរបស់ប្រទេសនេះក្នុងឆ្នាំ១៩៩៤។

ប្រាក់យ័នចិនបានធ្លាក់ចុះជាង១៣ភាគរយក្នុងរយៈពេល៨ខែធៀបនឹងប្រាក់ដុល្លារអាមេរិកក្នុងឆ្នាំ២០២២។ នៅក្នុងការប្រែប្រួល២ផ្លូវនៃប្រាក់យ័នចិន វិស័យសេដ្ឋកិច្ចបរទេសរបស់ប្រទេសចិនបានបង្ហាញពីភាពធន់ដែលកំពុងកើនឡើង។

ទោះជាយ៉ាងណាក្តី នៅឆ្នាំ២០២៣ ការកើនឡើង និងការធ្លាក់ចុះនៃប្រាក់យ័ននឹងមិនអាស្រ័យលើភាពខ្លាំងនៃប្រាក់ដុល្លារអាមេរិក ឬភាពខុសគ្នានៃអត្រាការប្រាក់រវាងប្រទេសចិន និងសហរដ្ឋអាមេរិកនោះទេ ប៉ុន្តែវាអាស្រ័យលើមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសចិន។

សន្និសីទការងារសេដ្ឋកិច្ចកណ្តាល ដែលបានរៀបចំធ្វើឡើង នៅខែធ្នូ ឆ្នាំ២០២២ បានសង្កត់ធ្ងន់ថា នៅឆ្នាំ២០២៣នេះ ប្រទេសចិនត្រូវតែផ្តោតលើស្ថិរភាពកំណើនការងារ និងតម្លៃ។

សូចនាករសំខាន់ៗចំនួន៣នៃកំណើនការងារ និងអតិផរណានឹងក្លាយជាឯកសារយោងដ៏សំខាន់មួយសម្រាប់ការវិនិច្ឆ័យយ៉ាងត្រឹមត្រូវអំពីភាពរឹងមាំនៃមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ប្រទេសចិន។

ជាមួយនឹងការបង្កើនប្រសិទ្ធភាពនៃការឆ្លើយតបនឹងជំងឺរាតត្បាត បទប្បញ្ញត្តិអចលនទ្រព្យ និងការចាប់ផ្តើមឡើងវិញនៃសេដ្ឋកិច្ចដ៏លឿន វិនិយោគិនក្នុងស្រុក និងបរទេសភាគច្រើនមានសុទិដ្ឋិនិយមអំពីទស្សនវិស័យសម្រាប់ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងការកើនឡើងនៃតម្លៃប្រាក់យ័ន ហើយនេះគឺជាលក្ខខណ្ឌអំណោយផលសម្រាប់ការពង្រឹងនិន្នាការអត្រាប្តូរប្រាក់យ័នក្នុងឆ្នាំ២០២៣៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here