តម្រូវការប្រើប្រាស់ប្រេងក្នុងប្រទេសចិនជំរុញឱ្យតម្លៃប្រេងនៅអាស៊ីហក់ឡើងបន្តិច

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្លៃប្រេងឆៅបានហក់ឡើងបន្តិចក្នុងការជួញដូរនៅតំបន់អាស៊ី នាព្រឹកថ្ងៃអង្គារនេះ ដោយសារការរំពឹងទុកនៃការងើបឡើងវិញ នៃតម្រូវការពីប្រទេសចិន និងទស្សនវិស័យសេដ្ឋកិច្ចពិភពលោក។

តម្លៃប្រេងឆៅ Brent បានកើនឡើង៥សេនដល់៨៨,២៤ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមម៉ោង 0116 GMT ខណៈប្រេងឆៅរបស់អាមេរិក West Texas Intermediate (WTI) បានកើនឡើង១៣សេន ដល់៨១,៧៥ដុល្លារក្នុងមួយបារ៉ែល។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

តម្លៃប្រេងឆៅនៅក្នុងទីផ្សាររូបវន្តបានចាប់ផ្តើមនៅឆ្នាំនេះជាមួយនឹងការកើនឡើង ដោយសារតែប្រទេសចិនលុបចោលវិធានការកូវីដសូន្យ ដែលបានបង្ហាញសញ្ញានៃការទិញកាន់តែច្រើន ហើយខណៈពាណិជ្ជករព្រួយបារម្ភថា ការដាក់ទណ្ឌកម្មលើប្រទេសរុស្ស៊ីអាចរឹតបន្តឹងលើការផ្គត់ផ្គង់។

លោក Edward Moya អ្នកវិភាគរបស់ OANDA បានមានប្រសាសន៍ថា ទោះជាយ៉ាងណាក៏ដោយ តម្លៃប្រេងឆៅកំពុងធ្លាក់ចុះ នៅពេលដែលប្រាក់ដុល្លារមានស្ថេរភាព និងមានការបើកឡើងវិញនៃប្រទេសចិន។

លោកបានបន្តថា “នៅសហរដ្ឋអាមេរិកសេដ្ឋកិច្ចនៅតែមានភាពវិលវល់ ហើយក្រុមពាណិជ្ជករថាមពលមួយចំនួននៅតែសង្ស័យថា តើតម្រូវការប្រេងឆៅរបស់ចិននឹងស្ទុះងើបឡើងវិញលឿនប៉ុណ្ណា ក្នុងត្រីមាសនេះ”៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here