កម្ពុជានិងស្វីសពិភាក្សាលទ្ធភាពបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរ

ដោយ៖ សុផារី

ស្វីស៖ ប្រទេសកម្ពុជា និងស្វីសពិភាក្សាគ្នាក្នុងការស្វែងរកលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រីក និងពង្រឹងកិច្ចការសេដ្ឋកិច្ចរវាងប្រទេសទាំងពីរ។

កិច្ចផ្តួចផ្តើមពិភាក្សានេះត្រូវបានស្នើឡើងដោយលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ក្នុងឱកាសជួបពិភាក្សាការងារជាមួយ លោកស្រី Helene Budliger Artieda រដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានសម្រាប់កិច្ចការសេដ្ឋកិច្ច នៃសហព័ន្ធស្វីស នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្នុងអំឡុងពេលនៃការអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក លោក ប៉ាន សូរស័ក្ដិ ក៏បានលើកឡើងពីទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ​ ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៦៣ ដែលនាំឱ្យមានទំនាក់ទំនងល្អរហូតមកដល់បច្ចុប្បន្ន។

លោករដ្ឋមន្ត្រីក៏បានពិភាក្សាជាមួយលោកស្រី Helene Budliger Artieda លើការពិនិត្យលទ្ធភាពក្នុងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល និងប្រទេសទាំងពីរឱ្យកាន់តែទូលំទូលាយ និងស៊ីជម្រៅ។

លោកស្រី Helene Budliger Artieda បានបង្ហាញការស្វាគមន៍លើគំនិតផ្តួចផ្តើមនេះ និងបានបញ្ជក់ថា រដ្ឋាភិបាលស្វីសបាននិងកំពុងគាំទ្រកម្ពុជាក្នុងដំណើរការអន្តរកាល និងកិច្ចខិតខំប្រឹងប្រែងនានាក្នុងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជាផងដែរ។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាលស្វីសចំពោះជំនួយ និងកម្មវិធីអភិវឌ្ឍនានាក្នុងវិស័យជាច្រើន ដូចជាអភិបាលកិច្ចល្អ និងការចូលរួមរបស់ប្រជាពលរដ្ឋចំពោះវិស័យកសិកម្ម និងសន្តិសុខស្បៀង រហូតដល់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការងារ។

លោកស្រីបានកោតសរសើរពីការជោគជ័យរបស់កម្ពុជាក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ និងបានអបអរសាទរចំពោះកម្ពុជា  ដែបបានធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានប្រកបដោយជោគជ័យ។​

ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទំាងពីរគឺមានការកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងឆ្នាំ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងប្រទេសស្វីស មានចំនួនសរុបប្រមាណ៣៧៩លានដុល្លាអាមេរិក រីឯនៅក្នុងឆ្នាំ២០២១ ទំហំពាណិជ្ជកម្មសរុប មានចំនួនសរុបប្រមាណជាង៩៧៤លានដុល្លាអាមេរិក៕

LEAVE A REPLY

Please enter your comment!
Please enter your name here