NBCលើកឡើងពីកត្តាអំណោយផល និងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣

ដោយ៖ សុថារី

ភ្នំពេញ៖ កំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថា នឹងមានសញ្ញាវិជ្ជមានឡើងវិញនៅក្នុងឆ្នាំ២០២៣ ដែលនឹងគាំទ្រដោយវិស័យសំខាន់ៗមួយចំនួន។ យ៉ាងណាក្តី ស្របពេលនេះ​ក៏នៅមាន ទាំងកត្តាអំណោយផល និងហានិភ័យចំពោះកំណើនសេដ្ឋកិច្ចកម្ពុជានៅក្នុងឆ្នាំ២០២៣ផងដែរ។

យោងតាមលោកស្រី ជា សិរី ឧបការីទេសាភិបាល និង​អគ្គនាយក​បច្ចេកទេស​នៃ​ធនាគារជាតិបានឱ្យដឹងថា នៅក្នុងឆ្នាំ២០២៣ នេះ កត្តាអំណោយផលសម្រាប់សេដ្ឋកិច្ចកម្ពុជា រួមមាន ការកើនឡើងវិញនៃការវិនិយោគក្នុងតំបន់ និងការណ៍ ដែលកម្ពុជាមានទីតាំងភូមិសាស្ត្រនៅចំកណ្តាលអាស៊ាន ព្រមទាំង ការចូលជាធរមាននៃកិច្ចព្រមព្រៀង RCEP និងកិច្ចព្រមព្រៀងទ្វេភាគី បានជំរុញឱ្យមានការកើនឡើងការវិនិយោគក្នុងវិស័យកសិ-ឧស្សាហកម្ម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកស្រីបានបន្តថា លើសពីនេះ លទ្ធភាពខ្ពស់នៃវិស័យធនាគារក្នុងការឆ្លើយតបនឹង តម្រូវការហិរញ្ញប្បទានក្នុងនិងក្រោយពេលមានវិបត្តិ  និងសេដ្ឋកិច្ចមានភាពបើកទូលាយ និងសមាហរណកម្មខ្ពស់ បូកផ្សំនឹងស្ថិរភាពនយោបាយម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងត្តាភាគលាភប្រជាសាស្ត្រ ក៏ចាត់ទុកថា ជាកត្តាអំណោយផលសម្រាប់កម្ពុជាផងដែរ។

យ៉ាងណាក្តី​លោកស្រីក៏បានលើកឡើងពីហានិភ័យ និងបញ្ហាប្រឈម ដែលកម្ពុជាអាចនឹងត្រូវប្រឈមនៅក្នុងឆ្នាំ២០២៣ផងដែរ រួមមាន កំណើនទាបជាងការរំពឹងទុក នៃសេដ្ឋកិច្ចពិភពលោក និងតំបន់ ជាពិសេសប្រទេសអឺរ៉ុប និងចិន និងការកើនឡើងអតិផរណា ដែលនឹង ប៉ះពាល់ដល់ជីវភាពរបស់ប្រជាពលរដ្ឋទាំងមូល។

លោកស្រីបន្តថា លំហូរចេញនៃមូលធនពីប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ដោយសារការរឹតត្បិតស្ថានភាព ទីផ្សារហិរញ្ញវត្ថុអន្តរជាតិ ការប្រែប្រួលអាកាសធាតុដែលអាចបន្ថយកំណើនក្នុង វិស័យកសិកម្ម ភាពមិនច្បាស់លាស់នៃការវិវត្តជំងឺកូវីដ-១៩ និងឧក្រិដ្ឋកម្មសាយប័រ ក៏ជាបញ្ហាប្រឈមសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here