តម្រូវ​ការ​ប្រេង​នឹង​ហក់ឡើង​ដល់​កម្រិត​ខ្ពស់​មិនធ្លាប់មានក្រោយចិន​បើក​ដំណើរការ​សេដ្ឋកិច្ចឡើង​វិញ

ដោយ: គង់ លាងហួរ

អន្តរជាតិ: តម្រូវការប្រេងសកលត្រូវបានគេរំពឹងថា នឹងកើនឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងឆ្នាំ២០២៣នេះ ដោយសារការបើកដំណើរការសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័សរបស់ប្រទេសចិន។

ទីភ្នាក់ងារថាមពលអន្តរជាតិ(IEA) បានឱ្យដឹង នៅក្នុងរបាយការណ៍ប្រចាំខែចុងក្រោយរបស់ខ្លួនថា តម្រូវការប្រេងអាចកើនឡើង១,៩លានបារ៉ែលក្នុង១ថ្ងៃ ដើម្បីឈានដល់កំណត់ត្រា១០១,៧លានបារ៉ែលក្នុងមួយថ្ងៃ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ទីភ្នាក់ងារ IEA បានបន្តថា “ប្រទេសចិននឹងជំរុញឱ្យមានកំណើនតម្រូវការប្រេងសកលជិតពាក់កណ្តាល ទោះបីជារូបរាង និងល្បឿន នៃការបើកដំណើរការប្រទេសឡើងវិញនៅតែមានភាពមិនប្រាកដប្រជាយ៉ាងណាក្តី”។

ទីក្រុងប៉េកាំងបានចាប់ផ្តើមលុបចោលគោលនយោបាយសូន្យកូវីដ នៅក្នុងខែធ្នូ ដោយត្រួសត្រាយផ្លូវសម្រាប់ការស្ទុះងើបឡើងវិញ នៃការធ្វើដំណើរ ពាណិជ្ជកម្ម និងសកម្មភាពអាជីវកម្មនៅទូទាំងប្រទេស។

IEA បានអះអាងថា ការស្ទុះងើបឡើងវិញ នៃតម្រូវការរបស់ចិនអាចនាំឱ្យទីផ្សារប្រេងពិភពលោកកាន់តែតឹងតែង នៅពេលដែលផលប៉ះពាល់នៃទណ្ឌកម្មរបស់លោកខាងលិចលើប្រេងរុស្ស៊ីចាប់ផ្តើមជះផលមិនល្អ។

ទំហំនៃការនាំចេញប្រេងពីប្រទេសរុស្ស៊ីបានធ្លាក់ចុះ២០០.០០០បារ៉ែលជាមធ្យម ក្នុងមួយថ្ងៃ ក្នុងខែធ្នូ ធៀបនឹងខែវិច្ឆិកា បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់បម្រាមលើការនាំចូលប្រេងឆៅ របស់ទីក្រុងម៉ូស្គូ  ហើយក្រុមប្រទេស G7 បានកំណត់តម្លៃប្រេងរបស់រុស្ស៊ី៕

LEAVE A REPLY

Please enter your comment!
Please enter your name here