រដ្ឋាភិបាលកម្ពុជាដាក់ផែនការឱ្យពន្ធដាររកចំណូលឱ្យបាន២៧០០លានដុល្លារក្នុងឆ្នាំ២០២៣នេះ

ដោយ៖ លក្ខិណា

ភ្នំពេញ ៖ ទោះបីជាស្ថិតនៅក្នុងវិបត្តិកូវីដ១៩ក្ដី ពន្ធដារប្រកាសថា ប្រាក់ចំណូលរបស់ខ្លួនប្រមូលបានលើសផែនការកំណត់ដោយរដ្ឋ។ សម្រាប់ឆ្នាំ២០២៣នេះ រាជរដ្ឋាភិបាលក៏បានកំណត់ឱ្យពន្ធដាររកចំណូលឱ្យបាន២៧០០លានដុល្លារអាមេរិក ដែលជាបន្ទុកមួយរបស់ពន្ធដារ ខណៈរដ្ឋមិនដំឡើងថ្លៃពន្ធ និងមិនបង្កើតពន្ធថ្មីៗនៅឡើយទេ។

លោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងនៅថ្ងៃទី១៩ ខែមករា ស្ដីពីពន្ធលើប្រាក់ចំណូល និងការផ្តល់សេវា របស់អគ្គនាយកដ្ឋានពន្ធដារ ថា បើតាមច្បាប់ហិរញ្ញវត្ថុសម្រាប់ឆ្នាំ២០២៣នេះ ឃើញថាបានកំណត់ឱ្យពន្ធដាររកចំណូលឱ្យបាន២៧០០លានដុល្លារអាមេរិក បើធៀបនឹងច្បាប់ឆ្នាំ២០២២កន្លងទៅ មានកំណើនជិត៣០ភាគរយ ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបន្តថា នេះជាបញ្ហាមួយ ដែលអគ្គនាយកដ្ឋានត្រូវខិតខំធ្វើយ៉ាងណា ត្រូវប្រមូលឱ្យបានគ្រប់ទៅតាមផែនការ ខណៈរដ្ឋមិនដំឡើងពន្ធចាស់ និងមិនបង្កើតពន្ធថ្មីៗបន្ថែមនៅឡើយ។ យ៉ាងណាក្ដី ដើម្បីសម្រួលដល់ការបង់ពន្ធរបស់អ្នកជាប់ពន្ធទាំងពន្ធតូចធំ និងមធ្យម ពន្ធដារបានធ្វើពិពិធកម្មថ្មី ដូចជា ការដាក់លិខិតប្រកាសពន្ធតាមប្រព័ន្ធអេឡិចត្រូនិក តាម App ជាដើម។

លោក អេង រតនា អគ្គនាយករងនៃអគ្គនាយកដ្ឋានពន្ធដារ បានមានប្រសាសន៍ថា ឆ្នាំ២០២២កន្លងទៅនេះ ពន្ធដារបានរកចំណូលបានលើសផែនការប្រមាណ២២ភាគរយ ដែលជាលទ្ធផលមួយល្អប្រសើរ សម្រាប់ការងាររបស់ពន្ធដារ។

លោកក៏បានស្នើនិងជំរុញឱ្យអ្នកជាប់ពន្ធជាពិសេស ក្រុមហ៊ុនភ្នាក់ងារបង់ពន្ធ ត្រូវរួសរាន់ដាក់លិខិតប្រកាសបង់ពន្ធ ឱ្យបានទាន់ពេលវេលា ដើម្បីជៀសវាងការផាកពិន័យពីសំណាក់អគ្គនាយកដ្ឋានពន្ធដារ ។

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងកាលពីចុងឆ្នាំ២០២២ថា ក្នុងឆ្នាំ២០២២ ចំណូលពន្ធដារទទួលបានប្រមាណ៣.៤៣៧លានដុល្លារ ឬស្មើនឹងប្រមាណ១២១,៩០ភាគរយ លើសផែនការជាង២១,៩០ភាគរយ។ ចំណែកចំណូលពន្ធគយមានប្រមាណ២.៦៧០លានដុល្លារ ស្មើនឹងប្រមាណ១០៤,១៥ភាគរយ៕

LEAVE A REPLY

Please enter your comment!
Please enter your name here