កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយកម្ពុជា-អេមីរ៉ាតអារ៉ាប់រួមនឹងបញ្ចប់ការចរចារជុំទី៣នៅខែក្រោយ

ដោយ៖ សុផារី

ស្វីស៖ ភាគីកម្ពុជា និងអេមីរ៉ាតអារ៉ាប់រួម (UAE)បានព្រមព្រៀងជាគោលការណ៍បញ្ចប់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម (CAM-UAE CEPA)  នៅជុំទី៣ក្នុងប្រទេសអារ៉ាប់រួមនៅខែកុម្ភៈ ឆ្នាំ២០២៣។

ភាគីទាំងពីរក៏គ្រោងបញ្ចប់ជាផ្លូវការការចរចារ នៅក្នុងខែមីនា នៅក្នុងទីក្រុងភ្នំពេញ ដែលក្នុងពេលដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ។

នេះបើយោងតាមកិច្ចប្រជុំរវាងលោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានជួបប្រជុំទ្វេភាគីជាមួយភាគីអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១៨ ខែមករា ក្នុងអំឡុងពេលចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៣ របស់វេទិកាសេដ្ឋកិច្ចពិភពលោក។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោករដ្ឋមន្ត្រី បានលើកឡើងពីលទ្ធផលជាវិជ្ជមាននៃកិច្ចប្រជុំចរចាជុំទី១នៅ UAE ក្នុងខែតុលា ឆ្នាំ២០២២ និងការវិវឌ្ឍទៅមុខនៃការចរចាបើកច្រកទីផ្សារទំនិញ និងសេវាកម្ម នៅជុំទី២ក្នុងខែធ្នូ ឆ្នាំ២០២២ នៅប្រទេសកម្ពុជា។ ជាក់ស្តែង ភាគីទាំងពីរបានខិតខំបំពេញតាមសំណើសុំ និងការផ្តល់ឱ្យ (Request and Offer) រវាងគ្នាទៅវិញទៅមក ដើម្បីបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីដ៏ប្រសើរមួយ សម្រាប់សហគមន៍ធុរកិច្ច វិនិយោគិន ពាណិជ្ជករ និងសាធារណៈជន។

ភាគីទាំងពីរបានព្រមព្រៀងជាគោលការណ៍បញ្ចប់ការចរចានៅជុំទី៣ក្នុងប្រទេសអារ៉ាប់រួមនៅខែកុម្ភៈ ឆ្នាំ២០២៣ និងគម្រោងបញ្ចប់ជាផ្លូវការនៅខែមីនានៅភ្នំពេញ ដែលលោករដ្ឋមន្ត្រីពាណិជ្ជកម្មអន្តរជាតិនៃប្រទេសអេមីរ៉ាតអារ៉ាប់រួម នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា។

លោករដ្ឋមន្ត្រី ក៏បានលើកឡើងថា ការចូលជាធរមាននៃកិច្ចព្រមព្រៀង CAM-UAE CEPA នឹងបង្កើនកំណើនសេដ្ឋកិច្ចតាមរយៈការធ្វើពិពិធកម្មទីផ្សារ ការបើកច្រក់ទីផ្សារកាន់តែទូលាយ សម្រាប់ទំនិញ និងសេវាកម្ម ការបង្កើនលំហូរនៃការ វិនិយោគ ការបង្កើតការងារ និងការពង្រីកកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅលើវិស័យផ្សេងទៀត ព្រមទាំងផ្តល់ប្រយោជន៍ឱ្យគា្នទៅវិញទៅមកកាន់តែសម្បូរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here