រដ្ឋាភិបាលកម្ពុជាបែងចែកថវិកាជាតិលើវិស័យសំខាន់ៗចំនួនបីក្នុងឆ្នាំ២០២៣

ដោយ៖ សុថារី

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា នៅក្នុងឆ្នាំ២០២៣នេះ ប្រទេសកម្ពុជាមិនមានគោលដៅ ក្នុងការពង្រីកថវិកាលើវិស័យការពារជាតិ និងសន្ដិសុខនោះទេ តែគិតលើការអភិវឌ្ឍធនធានមនុស្សវិញ។

ថ្លែងក្នុងពិធីពិនិត្យការសាងសង់មន្ទីរពេទ្យជាតិតេជោសន្តិភាព នៅព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា វិស័យចំនួនបី ដែលអាចកែប្រែសង្គមទៅជាសង្គមជឿនលឿនគឺតម្រូវការផ្នែក វិស័យអប់រំ សង្គមកិច្ច និងសុខាភិបាល។ ដូច្នេះ ការបែងចែកថវិកាជាតិនៅក្នុងឆ្នាំ២០២៣ គឺជាថវិកាសម្រាប់បម្រើឱ្យមនុស្សតែម្ដង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

សម្ដេចបានមានប្រសាសន៍ថា “ពិតជាមានការកើនក្នុងកម្រិតណាមួយ ដែលជាបញ្ហាល្អដែលជាការវិនិយោគឲ្យមនុស្ស ការពារជីវិតមនុស្ស»។

រដ្ឋាភិបាលគ្រោងចាយលុយក្នុងឆ្នាំ២០២៣ មានចំនួនប្រមាណជាង៩.៨០០លានដុល្លារអាមេរិក មានកំណើន១៣% បើធៀបនឹងគម្រោងចំណាយឆ្នាំ២០២២។ ក្នុងនោះ ចំណាយលើប្រាក់ខែមន្ត្រីអស់ជាង៥.៧០០លានដុល្លារអាមេរិក និងចំណាយសម្រាប់ការវិនិយោគ និងសងបំណុលជាង៤ពាន់លានដុល្លារអាមេរិក។

យោងតាមខ្លឹមសារច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ លុយជិត ១ម៉ឺនលានដុល្លារនេះត្រូវចំណាយលើវិស័យចំនួន៤ធំៗ ដែលមានដូចជាវិស័យរដ្ឋបាលទូទៅ វិស័យការពារជាតិ សន្ដិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ វិស័យសង្គមកិច្ច និងវិស័យសេដ្ឋកិច្ច៕

LEAVE A REPLY

Please enter your comment!
Please enter your name here