រដ្ឋមន្រ្តីទេសចរណ៍ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកិច្ចប្រជុំ ការងារទេសចរណ៍មេគង្គ

  ដោយៈ ម៉ាលីនណា

       ភ្នំពេញៈ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានដឹកនាំកិច្ចប្រជុំ ដើម្បីត្រួតពិនិត្យផែ​នការ និងដាក់ចេញទិសដៅការងារសំខាន់ៗ សំដៅត្រៀមលក្ខណៈធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គលើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣។

កិច្ចប្រជុំនេះ គ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២៤ ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ ក្រោមប្រធានបទ “គិតគូរឡើងវិញពីភាពធន់ និងបច្ចេកវិទ្យាក្នុងវិស័យទេសចរណ៍

កិច្ចប្រជុំត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនេះដែរ បានធ្វើឡើងនៅទីស្តីការក្រសួងទេសចរណ៍ ដោយមានការចូលរួមពី លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីជំនាញនៃក្រសួងទេសចរណ៍ ថ្នាក់ដឹកនាំតំណាងរដ្ឋបាលខេត្តព្រះសីហនុ រួមទាំងមានតំណាងវិស័យឯកជនចូលរួមផងដែរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក ថោង រដ្ឋសក្តិ បានគូសបញ្ជាក់ថា វេទិកាទេសចរណ៍មេគង្គ គឺជាកម្មវិធីមួយ ស្ថិតក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ សេដ្ឋកិច្ចរបស់ប្រទេសមហាអនុតំបន់មេគង្គ (GMS) ដោយផ្តោតសំខាន់ក្នុងការពង្រឹង និងលើកកម្ពស់ភាពជាដៃគូររដ្ឋ និងឯកជន (PPP) ក្នុងវិស័យទេសចរណ៍ សំដៅអភិវឌ្ឍផលិតផល និងជំរុញការផ្សព្វផ្សាយទេសចរណ៍ ប្រទេសមហាអនុតំបន់មេគង្គ ឲ្យក្លាយជាគោលដៅទាក់ទាញរួមគ្នា និងផ្តល់នូវបទពិសោ​ធន៍ថ្មី និងល្អឯកដល់ភ្ញៀវទេសចរ។

លោកបញ្ជាក់ទៀតថា សម្រាប់របៀបវារៈសំខាន់ៗ ក្នុងកម្មវិធីវេទិកាទេសចរណ៍មេគង្គ ឆ្នាំ២០២៣ ដោយបានគ្រោងរៀបចំជាបទបង្ហាញរបស់អ្នកជំនាញអន្តរជាតិលើប្រធានបទចំនួន២ រួមមានទី១ ការគិតគូរឡើងវិញពីវិស័យទេសចរណ៍(Rethinking Tourism- A Pathway for Building Back Better and Stronger) និងទី២ គិតគូរឡើងវិញពីប្រព័ន្ធចំណីអាហារក្នុងវិស័យទេសចរណ៍ (Rethinking Food System- A Lever to Protect the Planet)។

លោកបានបញ្ជាក់ទៀតថា ក្រៅពីនេះកម្មវិធីមានរៀបចំ កិច្ចពិភាក្សាចំនួន ៣រួមមាន (១) ទេសចរណ៍វ័យឆ្លាត និងគោលដៅទេសចរណ៍វ័យឆ្លាតតាមរយៈបច្ចេកវិទ្យា (២) គិតគូរឡើងវិញពីវិស័យម្ហូបអាហារ ដើម្បីការពារភពផែនដី និង(៣) ការពង្រឹងមូលធនមនុស្ស ដើម្បីភាពធន់ក្នុងវិស័យទេសចរណ៍ ដោយមានមានការចូលរួមពីអ្នកសម្របសម្រួល និងវាគ្មិនជាតិ និងអន្តរជាតិ ដែលមកពីស្ថាបនសាធារណៈ ឯកជន និងអ្នកជំនាញការអន្តរជាតិនានាផងដែរ។

ជាមួយគ្នានោះឆ្លង តាមរយៈកិច្ចប្រជុំនេះលោកបណ្ឌិត ថោង ខុន ក៏បានផ្តល់អនុសាសន៍គន្លឹះសំខាន់ៗ ដើម្បីត្រៀមរៀបចំព្រឹត្តិការណ៍នេះដូចជា ទី១ រៀបចំបង្កើតគណៈកម្មការ និងអនុគណៈកម្មការអន្តរក្រសួង ដោយចែកតួនាទីនិងភារកិច្ចឲ្យបានច្បាស់លាស់ សំដៅនាធាដល់សុខសុវត្ថិភាព ផាសុខភាព និងបដិសណ្ឋារកិច្ចល្អដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

ទី២ រៀបចំពិធីការទទួលស្វាគមន៍ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅព្រលានយន្តហោះអន្តរជាតិ និងការជូនដំណើរតាមផ្លូវល្បឿនលឿន ឆ្ពោះទៅខេត្តព្រះសីហនុ និងដំណើរត្រឡប់វិញ។

ទី៣ ឯកភាពលើសេចក្តីព្រាងរៀបវារៈ កិច្ចប្រជុំក្រុមការងារទេសចរណ៍មេគង្គ លើកទី៥១ និងរៀបចំវេទិកាទេសចរណ៍មេគង្គឆ្នាំ២០២៣ ចាប់ពីថ្ងៃទី២៤ដល់ ២៨ ខែមេសា ឆ្នាំ២០២៣ នៅខេត្តព្រះសីហនុ និងការរៀបចំទទួលអាហារស្វាគមន៍ និងពិធីលៀងសាយភោជន៍ ដល់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ។

ទី៤ ជំរុញការផ្សព្វផ្សាយព្រឹត្តិការណ៍ខាងលើ ឲ្យបានកាន់តែទូលំទូលាយទាំងកម្រិតជាតិ និងអន្តរជាតិ។ ទី៥ រៀបចំដំណើរទស្សនកិច្ច សម្រាប់ប្រតិភូ វាគ្មិន វិស័យឯកជន និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ដោយគ្រោងរៀបចំកញ្ចប់ទស្សកិច្ច ជាពីរជម្រើសរួមមាន (១) ទស្សនាក្រុងព្រះសីហនុ និងគោលដៅទាក់ទាញទេសចរណ៍លើគោក ក្រោមកិច្ចសហការជាមួយមន្ទីរទេសចរណ៍ និងរដ្ឋបាលខេត្តព្រះសីហនុ និង(២) ទស្សនា និងដកបទពិសោធន៍សកម្មភាពមុជទឹកបាតសមុទ្រ (Snorkeling and Diving) ក្រោមកិច្ចសហការជាមួយរដ្ឋបាល ក្រុងកោះរ៉ុង និងក្រុមហ៊ុន Khmer Dive Group ដើម្បីជំរុញផលិតផលទេសចរណ៍ បាតសមុទ្រផងដែរ៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here