លោកស៊ូ សុជាតិលើកទឹកចិត្តអ្នកឧកញ៉ាគួច ម៉េងលីបោះផ្សាយលក់សញ្ញាប័ណ្ណនាពេលបន្ទាប់

 ដោយៈ គង់ សូរិយា

       ភ្នំពេញៈ ស្របពេលសាលាAII & AISត្រៀមបោះផ្សាយលក់មូលបត្រកម្មសិទ្ឋ លោកស៊ូ សុជាតិបានលើកទឹកចិត្តឲ្យអ្នកឧកញ៉ាគួច ម៉េងលីបោះផ្សាយលក់ប័ណ្ណបំណុលឬសញ្ញាប័ណ្ណបន្តទៀត។

ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃនយ័តករមូលបត្រកម្ពុជា លោកស៊ូ សុជាតិបានមានប្រសាសន៍ ក្នុងសិក្ខាសាលាស្តីពីទីផ្សារមូលបត្រ ដែលរៀបចំដោយក្រុមហ៊ុនម៉េង លីជេគួច អេដ្យូខេសិនកាលពីចុងសប្តាហ៍មុនថា ការដែលក្រុមហ៊ុនអ្នកឧកញ៉ាគួច ម៉េងលី ត្រៀមបោះផ្សាយលក់មូលបត្រ គឺជាសញ្ញាល្អ និងមានការគាំទ្រច្រើន ដែលលោកលើកទឹកចិត្តឲ្យអ្នកវិនិយោគទិញមូលបត្រដំបូង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្តថា “បន្ទាប់ពីបោះផ្សាយលក់មូលបត្រកម្មសិទ្ឋ ខ្ញុំលើកទឹកចិត្តអ្នកឧកញ៉ាបោះផ្សាយលក់សញ្ញាប័ណ្ណ ឬប័ណ្ណបំណុលបន្ថែមទៀត ព្រោះក្រុមហ៊ុនមានលទ្ឋភាពបោះផ្សាយលក់មូលបត្រ មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការបោះផ្សាយលក់សញ្ញាបណ្ណ”។

លើសពីនេះ លោកស៊ូ សុជាតិបានកោតសរសើរ ដល់សាលាភាសាAII& AIS ដែលសម្រេចបានវឌ្ឍនភាពដ៏ប្រសើរ និងចូលរួមពង្រឹងគុណភាពវិស័យអប់រំ និងពង្រឹងកាតរបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានមានប្រសាសន៍ថា ក្រុមហ៊ុននឹងពង្រីកសាខាសាលាAII& AISឲ្យបានចំនួន១៦០សាខានៅទូទាំងប្រទេស ដើម្បីបំរើវិស័យអប់រំ និងឆ្លើយតបសំណូមពររបស់មាតា បិតា អាណាព្យាបាលសិស្ស ដែលចង់ឲ្យលោកពង្រីកសាលា​ទៅដល់មូលដ្ឋានរបស់ពួកគេ។

អ្នកឧកញ៉ាបានបន្តថា “យើងនឹងពង្រីកសាខារបស់យើង ទៅកាន់ទូទាំងប្រទេស ប៉ុន្តែយើងធ្វើមួយជំហ៊ានម្តងៗ ហេតុនេះឪពុកម្តាយ អាណាព្យាបាលសិស្ស អាចចូលរួមទិញមូលបត្រកម្មសិទ្ឋ ដែលក្រុមហ៊ុនបោះផ្សាយលក់ ដើម្បីយើងមានលទ្ឋភាពពង្រីកទុន និងពង្រីកសាខាទៅកាន់បណ្តាខេត្តនានា”៕

LEAVE A REPLY

Please enter your comment!
Please enter your name here