រដ្ឋាភិបាលកូរ៉េគ្រោងផ្តល់ថវិកាជាង១ពាន់លានដុល្លារដើម្បីគាំទ្រ គម្រោងស្រាវជ្រាវនិងអភិវឌ្ឍ

ដោយ: គង់ លាងហួរ

សេអ៊ូល: ប្រទេសកូរ៉េខាងត្បូង គ្រោងផ្តល់ថវិកាប្រមាណ១,២២ពាន់លានដុល្លារ ក្នុងរយៈពេល១០ឆ្នាំខាងមុខ សម្រាប់គម្រោងស្រាវជ្រាវ និងអភិវឌ្ឍន៍ ក្នុងគោលបំណងជួយដល់បណ្តាក្រុមហ៊ុនលំដាប់ទីពីរ ដែលមានសក្តានុពលខ្ពស់ ឱ្យក្លាយទៅជាក្រុមហ៊ុនពិភពលោក និងជំរុញការនាំចេញរបស់ពួកគេ។

នេះគឺជាផ្នែកមួយ នៃផែនការគ្រប់ជ្រុងជ្រោយ របស់រដ្ឋាភិបាលក្នុងការជំរុញចំនួន ក្រុមហ៊ុនខ្នាតមធ្យម និងក្រុមហ៊ុនជោគជ័យឱ្យសម្រេចបានដល់ចំនួន១០.០០០ក្រុមហ៊ុន និងជំរុញការនាំចេញរបស់ពួកគេ ឱ្យសម្រេចដល់២០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីបង្កើតសន្ទុះកំណើនសេដ្ឋកិច្ច ថ្មី។

គិតត្រឹមឆ្នាំ២០២១ ប្រទេសកូរ៉េខាងត្បូង មានក្រុមហ៊ុនលំដាប់ទីពីរចំនួន៥.៤៨០ក្រុមហ៊ុន ហើយទំហំនៃការនាំចេញសរុបមានទឹកប្រាក់១១៣,៨ពាន់លានដុល្លារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

នៅក្រោមច្បាប់បច្ចុប្បន្នស្តីពី ការចាត់ថ្នាក់សាជីវកម្មចំនួន៣ថ្នាក់ ដោយគិតតាមទំហំរបស់សាជីវកម្មនោះ ក្រុមហ៊ុនដែលមានទ្រព្យសកម្មសរុបចន្លោះពី៥០០ពាន់លានវ៉ុន ទៅ១០ពាន់ពាន់លានវ៉ុន ត្រូវបានចាត់ថ្នាក់ជាក្រុមហ៊ុនខ្នាតមធ្យម ដែលមានសក្តានុពលខ្ពស់។

ចំណែកអាជីវកម្ម ដែលមានទ្រព្យសកម្មចំនួន៥០០ពាន់លានវ៉ុន ឬក្រោមនេះ ត្រូវបានចាត់ទុកថា ជាក្រុមហ៊ុនខ្នាតតូច និងមធ្យម ហើយក្រុមហ៊ុន ដែលមានទ្រព្យសកម្មលើសពី១០ពាន់ពាន់លានវ៉ុន ត្រូវបានចាត់ទុកថាជាក្រុមហ៊ុនធំ។

យោងតាមផែនការនេះ រដ្ឋាភិបាលនឹងវិនិយោគទឹកប្រាក់១,៥ពាន់ពាន់លានវ៉ុន នៅឆ្នាំ២០៣៣ ក្នុងគម្រោងអភិវឌ្ឍបច្ចេកវិទ្យា ដើម្បីជួយគាំទ្រដល់ការឈានទៅមុខរបស់ពួកគេ ចូលទៅក្នុងទីផ្សារពិភពលោក ការផ្លាស់ប្តូរទៅកាន់ប្រព័ន្ធឌីជីថល និងស្ថេរភាពនៃខ្សែសង្វាក់ផ្គត់ផ្គង់។ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល។

នៅក្នុងឆមាសទី១នៃឆ្នាំ២០២៣នេះ រដ្ឋាភិបាលក៏មានគម្រោងបង្កើតមូលនិធិចំនួន១០០ពាន់លានវ៉ុន ដើម្បីគាំទ្រសកម្មភាពរបស់ក្រុមហ៊ុនខ្នាតមធ្យម សម្រាប់ការច្នៃប្រឌិតផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here