ក្រុមហ៊ុនផ្គត់ផ្គង់ BOE របស់ Apple គ្រោងសាងសង់រោងចក្រថ្មីៗ នៅវៀតណាម

ដោយៈ សុខុម

ហាណូយ: ក្រុមហ៊ុនផលិតអេក្រង់ចិន BOE Technology Group Co Ltd ដែលជាអ្នកផ្គត់ផ្គង់ទាំងសម្រាប់ក្រុមហ៊ុន Apple Inc និងក្រុមហ៊ុន Samsung Electronics Co Ltd គ្រោងនឹងបោះទុនយ៉ាងច្រើនដើម្បីបង្កើតរោងចក្រចំនួន២នៅក្នុងប្រទេសវៀតណាម។

ប្រភពច្បាស់ការបានទម្លាយឱ្យដឹងថា វិនិយោគនេះអាចមានទំហំសរុបដល់ទៅ៤០០លានដុល្លារអាមេរិក។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Reuters ចុះផ្សាយកាលពីថ្ងៃពុធ ទី១១ ខែមករា។

ផែនការនេះ ឆ្លុះបញ្ចាំងពីកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនបច្ចេកវិទ្យានានា ដែលដឹកនាំដោយក្រុមហ៊ុនអាមេរិក Apple និងក្រុមហ៊ុនដំឡើងគ្រឿងអេឡិចត្រូនិចតៃវ៉ាន់Foxconn ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់ខ្សែសង្វាក់ផ្គត់ផ្គង់នៅក្នុងប្រទេសចិន ចំពេលមានភាពតានតឹងផ្នែកពាណិជ្ជកម្ម និងភូមិសាស្ត្រនយោបាយ រវាងរដ្ឋាភិបាលក្រុងប៉េកាំង និងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន និងការរអាក់រអួលផលិតកម្ម ដែលបណ្តាលមកពីវិធានការទប់ស្កាត់កូវីដ-១៩ របស់ប្រទេសចិន។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ប្រភពអនាមិកដដែលបានទម្លាយឱ្យដឹងទៀតថា ពេលនេះក្រុមហ៊ុន BOE កំពុងពិភាក្សាជួលដីរាប់សិបហិកតា នៅក្នុងប្រទេសវៀតណាម ភាគខាងជើង ដើម្បីសាងសង់រោងចក្រថ្មីៗ បន្ថែមពីលើរោងចក្រតូចមួយរបស់ខ្លួន នៅក្នុងប្រទេសនេះនាភាគខាងត្បូង ដែលផ្គត់ផ្គង់អេក្រង់ទូរទស្សន៍ភាគច្រើនទៅឱ្យក្រុមហ៊ុនSamsung និងក្រុមហ៊ុន LG Electronics Inc របស់កូរ៉េខាងត្បូង។

ទោះជាយ៉ាងណា ក្រុមហ៊ុន BOE បានបដិសេធមិនធ្វើអត្ថាធិប្បាយនោះទេជុំវិញបញ្ហានេះ។

ប្រទេសវៀតណាម ភាគខាងជើង ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទាក់ទាញការវិនិយោគបានយ៉ាងច្រើន សន្ធឹកសន្ធាប់ពីបណ្ដាក្រុមហ៊ុនអេឡិចត្រូនិកខ្នាតយក្ស ដោយក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់ សម្រាប់ការផលិតទូរស័ព្ទស្មាតហ្វូន កុំព្យូទ័រ និងកាមេរ៉ា រួមទាំងទំនិញល្បីៗពីក្រុមហ៊ុន Apple និងក្រុមហ៊ុន Samsung ផងដែរ៕ Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here