កិច្ចប្រជុំលើកទី៣នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគីបានបញ្ចប់ដោយជោគជ័យនិងផ្លែផ្កា

  ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ចប់កិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា តួកគី ដើម្បីសម្រេចបាននូវផែនការលើចំណុចសំខាន់ៗរបស់ខ្លួនទាក់ទងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគជាដើម។

កិច្ចប្រជុំនេះ ដឹកនាំដោយ លោកប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនៃកម្ពុជា និងលោកបណ្ឌិត វ៉ាហ៊ីត គីរីស៊ី (Vahit KIRIŞCI) រដ្ឋមន្រ្តីក្រសួងកសិកម្ម និងរុក្ខាប្រមាញ់នៃសាធារណរដ្ឋតួកគី បានចូលរួមជាអធិប​តីដឹកនាំកិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះរវាងកម្ពុជា-តួកគី ដែលបានប្រព្រឹត្តទៅរយៈពេល២ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីមន្រ្តីជាន់ខ្ពស់ និងមន្រ្តីជំនាញមកពីអន្តរក្រសួង-ស្ថាប័ន ពាក់ព័ន្ធរបស់ភាគីទាំងពីរ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្មកម្ពុជា នៅក្រោយចប់កិច្ចប្រជុំ កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣នេះ បានឲ្យដឹងថា ក្នុងអំឡុងកិច្ចប្រជុំលើកទី៣នេះ ភាគីទាំងពីរ បានគូសបញ្ជាក់ពីឆន្ទៈ និងគោលជំហរដ៏មោះមុតក្នុងការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យឱ្យកាន់តែស៊ីជម្រៅ តាមរយៈការអនុវត្តសកម្មភាពការងារ ដូចមានព្រមព្រៀងក្នុងកំណត់ហេតុរួមនៃកិច្ចប្រជុំនេះ ដែលគ្របដណ្តប់លើវិស័យនិងអនុវិស័យសំខាន់ៗដូចជា៖ ពាណិជ្ជកម្ម, វិនិយោគ, អប់រំ, កសិកម្ម, ឧស្សាហកម្ម, ទេសចរណ៍, វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍, ទូរគមនាគមន៍, សុខាភិបាល, អាកាសចរស៊ីវិល, ការដឹកជញ្ជូន, សហគ្រាសធុនតូចនិងមធ្យម, ស្តង់ដារ និងមាត្រាសាស្រ្ត, ធនធានទឹក, និងហាឡាល។-ល-។

លើសពីនេះ ភាគីទាំងពីរបានពិនិត្យលទ្ធភាព ជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មនិងវិនិយោគ ក៏ដូចជាជំរុញកំណើនភ្ញៀវទេសចររវាងប្រទេសទាំងពីរ ព្រមទាំងបានឯកភាពជំរុញបន្ថែម លើការអនុវត្តកិច្ចព្រមព្រៀង និងអនុស្សរណៈនៃការយោគយល់គ្នានានា ដែលបានចុះហត្ថលេខារួមគ្នាកន្លងមក ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ក្នុងឱកាសនៃកិច្ចប្រជុំលើកទី៣ដ៏មានសារៈសំខាន់នេះ លោករដ្ឋមន្រ្តីទាំងពីរ ក៏បានជួបពិភាក្សាការងារទ្វេភាគី ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ លើវិស័យសក្តានុពល ជាពិសេសពាណិជ្ជកម្ម និងវិនិយោគ ឱ្យកាន់តែប្រសើរបន្ថែមទៀត។ ក្នុងន័យនេះ ភាគីទាំងពីរបានបង្ហាញពីឆន្ទៈ បង្កើនទំហំពាណិជ្ជកម្មទ្វេរភាគី ឱ្យឈានដល់ ១,០០០លានដុល្លារអាមេរិក តាមរយៈយន្តការនៃកិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម (Preferential Trade Agreement-PTA) ដែលភាគីទាំងពីរនឹងពិភាក្សាលម្អិតនាពេលសមស្របខាងមុខ។

បន្ថែមពីនេះ ភាគីទាំងពីរបានឯកភាពជំរុញ ការធ្វើពាណិជ្ជកម្មនិងវិនិយោគលើផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមមាន៖ អង្ករ កៅស៊ូ ដំឡូង ចេក ស្វាយ ម្នាស់ និងពោត។ ការណ៍នេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ ដល់ការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន ភាពធន់ និងចីរភាព ជាពិសេសការស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីការរីករាលដាលនៃជំងឺកូវីដ-១៩៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here