ប្រទេសចិនប្រកាសកាត់បន្ថយពន្ធថ្មីសម្រាប់អាជីវកម្មខ្នាតតូចដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិ

ដោយ: គង់ លាងហួរ

ប៉េកាំង: ប្រទេសចិនបានប្រកាសថាអាជីវកម្មខ្នាតតូច ដែលមានទំហំនៃការលក់ប្រចាំខែតិចជាង១០០.០០០យ័ន នឹងត្រូវបានលើកលែងពីការបង់ពន្ធលើតម្លៃបន្ថែម (VAT) ចាប់ពីថ្ងៃទី០១ ខែមករា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣។

ដំណឹងនេះ ត្រូវបានប្រកាសនៅលើគេហទំព័រផ្លូវការ របស់ក្រសួងហិរញ្ញវត្ថុចិនកាលពីថ្ងៃចន្ទម្សិលមិញនេះ។

លោក Zhong Hong អ្នកវិភាគឯករាជ្យបានបញ្ជាក់ប្រាប់កាសែត Global Times ថា ចំណាត់ការនេះ គឺស្របតាមកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសចិន ក្នុងការកាត់បន្ថយបន្ទុក សម្រាប់អាជីវកម្មខ្នាតតូច និងមធ្យមដ៏ធំ ដែលជាកម្លាំងខ្លាំងក្នុងការបង្កើតការងារ និងទ្រព្យសម្បត្តិសម្រាប់សង្គម។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោក Zhong បានកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ និងក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំង នឹងមេរោគឆ្លងកូវីដ-១៩ ប្រទេសចិន បានបង្កើនការលើកទឹកចិត្តផ្នែកពន្ធ និងថ្លៃសេវារបស់ខ្លួន និងគោលនយោបាយគាំទ្រដល់សហគ្រាស ជាពិសេសសហគ្រាសខ្នាតតូច។

គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ប្រទេសចិនបានកាត់បន្ថយ ឬពន្យារពេលបង់ពន្ធ និងថ្លៃរដ្ឋបាលជាង៤ពាន់ពាន់លានយ័ន ក្នុងឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយ ដោយទូរទស្សន៍កណ្តាលចិននៅថ្ងៃទី០១ ខែមករា។

លោក Wang Daoshu អនុប្រធានរដ្ឋបាលពន្ធដារ បានឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងកាលពីពាក់កណ្តាលខែវិច្ឆិកាថា កិច្ចខិតខំប្រឹងប្រែង បន្ធូរបន្ថយពន្ធរបស់ប្រទេសចិន បានកាត់បន្ថយបន្ទុកពន្ធ និងថ្លៃសេវាលើអាជីវកម្មប្រកបដោយប្រសិទ្ធភាព។

ជាមួយនឹងការអនុវត្តគោលនយោបាយកាត់បន្ថយនេះ ប្រាក់ចំណូលពីការលក់របស់សហគ្រាសនានា បានកើនឡើង១,១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលផ្ទុយពីនិន្នាការធ្លាក់ចុះកាលពីមុន។

លោក Wang បានកត់សម្គាល់ថា វាបានកើនឡើង៣,៤ភាគរយបន្ថែមទៀតនៅក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ដោយបន្តនិន្នាការនៃការងើបឡើងវិញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here