ទំហំពាណិជ្ជកម្មឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុសម្រេចបានទឹកប្រាក់ជិត២,៥ពាន់លានដុល្លារ

ដោយ: គង់ លាងហួរ

ភ្នំពេញ: លោក Cao Jianjiang អ្នកគ្រប់គ្រងទូទៅនៃតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ(SSEZ) បានបញ្ជាក់ប្រាប់កាសែត Xinhua នៅថ្ងៃអង្គារនេះថា ទំហំនៃការនាំចូល និងការនាំចេញ ដែលឆ្លងកាត់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) បានកើនឡើងដល់២,៤៩ពាន់លានដុល្លារ ក្នុងឆ្នាំ២០២២ ដោយកើនឡើង១២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ។

លោក Cao Jianjiang បានបន្តថា តំបន់ឧស្សាហកម្មទំហំ១១គីឡូម៉ែត្រការ៉េ នេះមានក្រុមហ៊ុនចំនួន១៧៥ មកពីប្រទេសចិន សហរដ្ឋអាមេរិក អឺរ៉ុប អាស៊ីអាគ្នេយ៍ និងតំបន់ផ្សេងទៀត ដែលបង្កើតការងារបានជិត៣០.០០០ការងារ។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានមានប្រសាសន៍ថា “កំណើនកាលពីឆ្នាំ២០២២ បង្ហាញយ៉ាងច្បាស់ពីភាពធន់ នៃការអភិវឌ្ឍន៍តំបន់នេះ ដែលបានរួមចំណែកជាលំដាប់ដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមរបស់កម្ពុជា”។

តំបន់ SSEZ មានទីតាំងស្ថិតនៅក្នុងខេត្តមាត់សមុទ្រ ភាគនិរតីនៃខេត្តព្រះសីហនុ ហើយវាជាតំបន់ឧស្សាហកម្ម ដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ទាក់ទងនឹងទំហំ និងការកាន់កាប់។

អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា លោក ប៉ែន សុវិជាតិ បានមានប្រសាសន៍ថា តំបន់ SSEZ គឺជាឧទាហរណ៍ដ៏ល្អឥតខ្ចោះនៃកិច្ចសហប្រតិបត្តិការ ឈ្នះ-ឈ្នះ ក្រោមក្របខណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ដែលស្នើឡើងដោយប្រទេសចិន។

លោកបានបញ្ជាក់ប្រាប់កាសែត Xinhua ថា“តំបន់សេដ្ឋកិច្ចពិសេសបានផ្តល់ការងារជាច្រើន ដល់កម្មករ កម្មការិនីកម្ពុជា និងធ្វើជាគំរូសម្រាប់ឧស្សាហកម្មចង្កោម និងជាមូលដ្ឋានសម្រាប់ការនាំចេញ”។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានមានប្រសាសន៍ថា តំបន់ SSEZ មានសក្តានុពលល្អសម្រាប់វិនិយោគិន ដោយសារតំបន់នេះមានទីតាំង នៅជាប់នឹងកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា។

លោកបានបញ្ជាក់ប្រាប់កាសែត Xinhua ថា “តំបន់សេដ្ឋកិច្ចពិសេ​សនេះ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា និងបានក្លាយទៅជាតំណភ្ជាប់ នៃខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោកផងដែរ”៕

LEAVE A REPLY

Please enter your comment!
Please enter your name here