កម្ពុជា តួកគីពិភាក្សាគ្នាលើចំណុចសំខាន់ៗចំនួន១៦និងគ្រោងភ្ជាប់ ជើងហោះហើរត្រង់

ដោយៈ គង់ ម៉ាលីនណា

       ភ្នំពេញៈ លោកជំទាវ តឹករ៉េត កំរង អញ្ជើញចូលរួមដឹកនាំកិច្ចប្រជុំបច្ចេកទេសទ្វេភាគី ពិភាក្សាលើសេចក្តីព្រាងកំណត់ហេតុរួម កិច្ចប្រជុំលើកទី៣ នៃគណៈកម្មការសេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី នៅរាជធានីភ្នំពេញ។

លោកស្រីMehtap ATAKAN ÖZKAN អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មតួកគី និងជាសហប្រធានសម្រាប់ភាគីតួកគី ជាមួយមន្រ្តីជាន់ខ្ពស់កម្ពុជាពាក់ព័ន្ឋ បានបើកកិច្ចពិភាក្សារួមគ្នា ដើម្បីពិនិត្យ និងពិភាក្សាបន្ថែម លើសេចក្តីព្រាងកំណត់ហេតុរួម ត្រៀមសម្រាប់កិច្ចប្រជុំពេញអង្គនៃ កិច្ចប្រជុំលើកទី៣នៃគណៈកម្មការ សេដ្ឋកិច្ចចម្រុះកម្ពុជា-តួកគី ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

នៅក្នុងកិច្ចប្រជុំបច្ចេកទេសនេះ ភាគីទាំងពីរបានពិភាក្សានិងផ្លាស់ប្តូរយោបល់លើសេចក្តីព្រាងកំណត់ហេតុរួម ដែលគ្របដណ្ដប់លើវិស័យ និងអនុវិស័យអាទិភាព រួមមាន៖ ពាណិជ្ជកម្ម វិនិយោគ ធុរកិច្ច ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យានិងនវានុវត្តន៍ ហាឡាល សហគ្រាសធុនតូចនិងមធ្យម កសិកម្ម ដឹកជញ្ជូន អាកាសចរ​ស៊ីវិល សុខាភិបាល អប់រំ ទេសចរណ៍ និងវិស័យពាក់ព័ន្ធដទៃទៀត។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

កិច្ចពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីជំរុញនិងទាញអត្ថប្រយោជន៍អតិបរមា ពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-តួកគី។ ក្នុងនោះដែរ ភាគីទាំងពីរ បានពិនិត្យលទ្ធភាពបង្កើត កិច្ចព្រមព្រៀងអនុគ្រោះពាណិជ្ជកម្ម និងការតជើងហោះហើរត្រង់ រវាងប្រទេសទាំងពីរនាពេលខាងមុខ ដើម្បីសម្រេចបាននូវគោលដៅ ក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរឱ្យឈានដល់១,០០០លានដុល្លារអាមេរិក។

រយៈពេល១១ខែដំបូង នៃឆ្នំា២០២២ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងតួកគី សម្រេចបានប្រមាណ១៣៦.១៥លានដុល្លាអាមេរិក កើនឡើង៦៣.៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២១។

ក្នុងនោះ ទំនិញនាំចេញសក្តានុពលពីកម្ពុជាទៅតួកគី រួមមាន៖ សំលៀកបំពាក់ វាយនភណ្ឌ ស្បែកជើង ឆ័ត្រ សម្ភារៈធ្វើដំណើរ ជាដើម។ រីឯទំនិញនាំចូលសក្តានុពលពីតួកគីមកកម្ពុជា រួមមាន គ្រឿងម៉ាស៊ីន កប្បាស ផលិតផលឱសថ កញ្ចក់ ដែក ផលិតផលប្លាស្ទិក ជាដើម៕

 

LEAVE A REPLY

Please enter your comment!
Please enter your name here