កម្ពុជាអូស្រ្តាលីប្រកាសដាក់ឱ្យប្រើប្រាស់ផ្លូវការគម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ

ដោយ៖ សុផារី

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងស្ថានទូតអូស្ត្រាលី កាលពីរសៀលថ្ងៃ​ទី៩ មករា ​បានប្រកាសដាក់ឱ្យប្រើប្រាស់នូវឯកសារស្រាវជ្រាវ​អំពី​ព័ត៌មានទីផ្សារសំខាន់ៗ​ចំនួន២ និង​ប្រកាសពី​គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ ​ដើម្បី​ជំរុញ​ការធ្វើពាណិជ្ជកម្ម ​និងវិនិយោគ។

ឯកសារស្រាវជ្រាវអំពីព័ត៌មានទីផ្សារសំខាន់ៗចំនួន២ រួមមាន ទី១.កសិផលកម្ពុជា​សម្រាប់នាំចេញ​ទៅ​ទីផ្សារសហភាពអឺរ៉ុប​ និងអាសិប និងទី២. កម្ពុជា ​និងការបើក​ទីផ្សារពិភពលោក​តាមរយៈកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ ព្រមទាំង​បាន​ប្រកាស​ពី​គម្រោង​អភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ​ ក្នុងនោះរួមមាន៖ ​គេហទំព័រកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ប្រព័ន្ធគ្រប់គ្រងស្វ័យបញ្ជាក់​ដើម​កំណើត​ទំនិញ ​និង​ប្រព័ន្ធ​ផ្ទៀងផ្ទាត់​ដើមកំណើតទំនិញជាអន្តរជាតិ ដើម្បីជាជំនួយដល់ធុរជន​ក្នុងការ​ទាញ​យក​អត្ថប្រយោជន៍​ជាអតិបរមា ពី​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងអស់​ដែល​កម្ពុជា​ជា​ប្រទេស​ហត្ថលេខី​។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

ចំពោះសៀវភៅព័ត៌មាន ​នឹងផ្តល់ព័ត៌មានបច្ចុប្បន្នភាពចុងក្រោយ​ និងងាយស្រួលយល់ អំពីកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគី​ និងតំបន់ ​ដែល​កម្ពុជា​ ជា​ប្រទេស​ហត្ថលេខី មានជាអាទិ៍ កិច្ចព្រមព្រៀងអាសិប, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ​កម្ពុជា-ចិន និងកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី កម្ពុជា-កូរ៉េជាដើម។

សៀវភៅនេះដែរ​នឹងជួយដល់សហគ្រាសកសិ-ម្ហូបអាហារ ផលិតករ អ្នកនាំចេញ ​សមាគមធុរកិច្ច និង​អ្នកពាក់ព័ន្ធដទៃទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពពីការធ្វើពិពិធកម្មទីផ្សារ និងទទួលបាន​អត្ថប្រយោជន៍នានា​ក្រោមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងនេះ។

ដោយឡែក ថ្នាលឌីជីថលតែមួយ គ្រោង​អភិវឌ្ឍន៍​ឡើងតាមលំអានរបស់គេហទំព័រកិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរីរបស់អូស្ត្រាលីផ្ទាល់ ​ហើយក៏នឹងក្លាយជាកន្លែងផ្ទុក​ព័ត៌មានពាណិជ្ជកម្ម​ដ៏​ទូលំទូលាយ​សម្រាប់​អ្នកនាំចេញ​ និងអ្នកនាំចូល ក្នុងការស្វែងរក និងទាញ​អត្ថប្រយោជន៍​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទាំង​អស់របស់កម្ពុជា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ​បានមានប្រសាសន៍ថា ​គម្រោងអភិវឌ្ឍន៍ថ្នាលឌីជីថលតែមួយ នឹងជួយកម្ពុជា​ក្នុងការ​សម្រេច​បាន​យ៉ាងពេញលេញ​នូវការសន្យារបស់ខ្លួន​ក្រោមកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីមួយចំនួនដូចជា​ កិច្ចព្រមព្រៀងពាណិជ្ជកម្ម​ទំនិញ​អាស៊ាន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីកម្ពុជា-កូរ៉េ ​កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន​ អូស្ត្រាលី នូវែលហ្សេឡង់ និងកិច្ចព្រមព្រៀង អាសិប។

ជាមួយគ្នានេះ​ភាគីអូស្រ្តាលី​ សង្ឃឹមថា មគ្គុទ្ទេសក៍​ទាំងនេះ ​និងថ្នាលឌីជីថលតែមួយដែល​នឹង​អភិវឌ្ឍន៍​ឡើងនាពេលខាងមុខ ​នឹងធ្វើឱ្យធុរជន​ និងពាណិជ្ជករទាំងអស់ កាន់តែមានភាពងាយ​ស្រួលក្នុងការទទួលបានព័ត៌មានដែលមានប្រយោជន៍ ដើម្បីបង្កើនការធ្វើពាណិជ្ជកម្ម៕

  

 

LEAVE A REPLY

Please enter your comment!
Please enter your name here