ដោយ: គង់ លាងហួរ
បាងកក: ប្រទេសថៃបានជាប់ចំណាត់ថ្នាក់លេខ១ក្នុងអាស៊ាន សម្រាប់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព សម្រាប់រយៈពេល៤ឆ្នាំ ដែលកំពុងដំណើរការចាប់តាំងពីឆ្នាំ២០១៩ ដោយផ្អែកលើគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ។
យោងតាមរបាយការណ៍អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសថៃបានឈ្នះ៧៤,១២ពិន្ទុ ហើយត្រូវបានជាប់ចំណាត់ថ្នាក់លេខ៤៤ នៅទូទាំងពិភពលោក។
អ្នកនាំពាក្យរងរដ្ឋាភិបាល លោកស្រី Tipanan Sirichana បានមានប្រសាសន៍ថា គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDGs) របស់អង្គការសហប្រជាជាតិ គឺស្របតាមយុទ្ធសាស្ត្រជាតិរយៈពេល២០ឆ្នាំរបស់ប្រទេសថៃ ដែលមានគោលបំណងធ្វើឱ្យប្រទេសនេះក្លាយជាប្រទេសអភិវឌ្ឍន៍ ដែលមានសន្តិសុខ វិបុលភាព និងនិរន្តរភាព។
លោកស្រីបានបន្តថា យោងតាមអង្គការសហប្រជាជាតិ “ការមិនទុកនរណាម្នាក់ចោល” គឺជាបេះដូងនៃ SDGs ហើយប្រទេសថៃបានផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងលើ SDGs ចំនួន៥ រួមមាន គ្មានភាពក្រីក្រ ការអប់រំប្រកបដោយគុណភាព ទឹកស្អាតនិងអនាម័យ ឧស្សាហកម្ម ការច្នៃប្រឌិតនិងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការប្រើប្រាស់ និងផលិតកម្មប្រកបដោយការទទួលខុសត្រូវ។
លោកស្រីបានអះអាងថា រដ្ឋាភិបាលថៃបានសម្រេចជោគជ័យ ក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ទាំងរូបវន្ត និងឌីជីថល ព្រមទាំងគោលដៅរបស់ខ្លួនលើគំរូសេដ្ឋកិច្ច Bio-Circular-Green Economy នៅក្នុងកិច្ចប្រជុំកំពូល Apec កាលពីខែវិច្ឆិកា ឆ្នាំ២០២២។
លោកស្រីបានបន្ថែមថា “សមិទ្ធិផលទាំងនេះបានបង្ហាញថា រដ្ឋាភិបាលកំពុងដើរក្នុងទិសដៅត្រឹមត្រូវដោយមានលក្ខណៈវិនិច្ឆ័យ និងសូចនាករ ដែលត្រូវតាមស្តង់ដារអន្តរជាតិ”៕