បុណ្យទន្លេនឹងត្រូវបានរៀបចំឡើងវិញនៅខែមីនាក្រោយផ្អាករយៈពេល២ឆ្នាំដោយសារកូវីដ១៩

ដោយ៖ សុផារី

កំពង់ធំ៖ រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចរៀបចំពិធីបុណ្យទន្លេឡើងវិញ បន្ទាប់ពីផ្អាករយៈពេល២ឆ្នាំដោយសារវិបត្តិជំងឺកូវីដ១៩ ដោយបានជ្រើសរើសយកទីតាំងជាប់ដងស្ទឹងសែន ក្នុងទីរួមខេត្តកំពង់ធំ ដែលនឹងត្រូវប្រព្រឹត្តទៅនាដើមខែមីនា ឆ្នាំ២០២៣ខាងមុខ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឱ្យដឹងថា ជាមួយនឹងការគ្រប់គ្រងស្ថានការណ៍កូវីដ១៩បានល្អប្រសើរឡើងវិញ រាជរដ្ឋាភិបាលបានសម្រេចរៀបចំពិធីបុណ្យទន្លេជាលើកទី៧ នៅខេត្តកំពង់ធំ ចាប់ពីថ្ងៃទី៨-១០ ខែមីនា ឆ្នាំ២០២៣ខាងមុខ ហើយក៏អាចបន្តដល់ថ្ងៃទី១១ និងទី១២ថែមទៀត។

លោករដ្ឋមន្ត្រីបានបន្តថា ការរៀបចំបុណ្យទន្លេនៅខេត្តកំពង់ធំនេះដែរ គឺដោយសារមានស្ទឹងសែនហូរឆ្លងកាត់ចុះទៅបឹងទន្លេសាប ពិសេសខេត្តកំពង់ធំនេះគឺស្ថិតនៅពាក់កណ្ដាលផ្លូវធ្វើដំណើរពីរាជធានីភ្នំពេញ និងខេត្តកំពងចាម ឆ្លងកាត់ទៅខេត្តសៀមរាប និងខេត្តព្រះវិហារ ដែលជាគោលដៅទេសចរណ៍សំខាន់ៗ។ បុណ្យទន្លេនេះមានការតាំងពិព័រណ៍ផលិតផលក្នុងស្រុកទាំងឡាយ ដែលបានពីការផលិតរបស់ប្រជាពលរដ្ឋក្នុងស្រុក។ ចំពោះពិព័រណ៍ផលិតផលក្នុងស្រុកនេះដែរ លោកចង់ជំរុញឱ្យមានផលិតផលសិប្បកម្ម កសិកម្ម យកមកតាំងលក់ក្នុងព្រឹត្តិការណ៍នេះ ឱ្យបានច្រើនបំផុត ដើម្បីជំរុញការនាំចេញនៅនឹងកន្លែង។

ចុចទីនេះដើម្បី Subscribe Telegram Channel «Cambodia Financial Times» សម្រាប់ទទួលបានព័ត៌មានថ្មីៗ

លោកបានបន្ថែមថា ក្រៅពីនេះក៏ត្រូវបង្ហាញអំពីសក្ដានុពលវប្បធម៌ តំបន់ប្រវត្តិសាស្ត្រ ដើម្បីបង្ហាញដល់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរបានយល់ថា កម្ពុជាមានប្រវត្តិសាស្ត្រ មានវប្បធម៌យូរលង់មកហើយ “កម្ពុជាជាព្រះរាជាណាចក្រវប្បធម៌ ព្រះរាជាណាចក្រទឹក”។

លោក ជុក ជំនោរ ប្រធាននាយកដ្ឋានជំរុញផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍ បានបញ្ជាក់ក្នុងបទបង្ហាញថា បុណ្យទន្លេនៅខេត្តកំពង់ធំនេះគឺមានលក្ខណពិសសប្លែកពីបុណ្យទន្លេមុនៗ ត្រង់ថា ពិធីបុណ្យនេះចាប់ផ្ដើមពីថ្ងៃពុធ ទី៨ ខែមីនា ហើយនឹងត្រូវបើកជាផ្លូវការក្រោមអធិបតីភាពសម្ដេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត នាថ្ងៃព្រហស្បតិ៍ ទី៩ បន្តដល់ថ្ងៃសុក្រ ទី១០ ដែលជាថ្ងៃទីបី ប៉ុន្តែកម្មវិធីកម្សាន្តអាចនៅបន្តរហូតដល់ថ្ងៃសៅរ៍និងថ្ងៃអាទិត្យទៀត (ថ្ងៃទី១១-១២) ដែលធ្វើឱ្យការលេងកម្សាន្តមានរយៈពេលយូរជាងបុណ្យមុនៗ។

លោកប្រធាននាយកដ្ឋានបានបន្ថែមថា ពិសេសមួយទៀត ខេត្តកំពង់ធំគឺនៅពាក់កណ្ដាលផ្លូវរវាងរាជធានីភ្នំពេញ ខេត្តកំពង់ចាម ខេត្តត្បូងឃ្មុំ ខេត្តសៀមរាប ខេត្តព្រះវិហារ ដូច្នេះភ្ញៀវទេសចរនឹងអាចចូលលេងបុណ្យទន្លេ មុនបន្តទៅលេងខេត្តសៀមរាប និងទៅគោលដៅទេសចរណ៍ផ្សេងទៀត។

លោកបានបន្តទៀតថា ខេត្តកំពង់ធំក៏មានគោលដៅទេសចរណ៍ជាច្រើន ពិសេសគឺតំបន់បេតិកភណ្ឌប្រាសាទសំបូរព្រៃគុក ឬអាចភ្ជាប់គោលដៅទេសចរណ៍ទៅដល់ខេត្តព្រះវិហារ និងប្រាសាទព្រះវិហារទៀតដែរ និងគោលដៅផ្សេងទៀត ដូចជា តំបន់អេកូទេសចរណ៍ កសិទេសចរណ៍ រមណីយដ្ឋានទេសចរណ៍ជាដើម ដែលសុទ្ធតែជាសក្ដានុពលសម្រាប់បម្រើដល់វិស័យទេសចរណ៍។

ពិធីបុណ្យទន្លេត្រូវបានរៀបចំចំនួន៦លើកមកហើយ ក្នុងនោះនៅឆ្នាំ២០១៥ ធ្វើនៅខេត្តក្រចេះ ឆ្នាំ២០១៦ ធ្វើនៅខេត្តស្ទឹងត្រែង ឆ្នាំ២០១៧ ធ្វើនៅខេត្តកំពង់ចាមនិងខេត្តត្បូងឃ្មុំ ឆ្នាំ២០១៨ ធ្វើនៅខេត្តកណ្ដាល ឆ្នាំ២០១៩ ធ្វើនៅខេត្តកំពង់ឆ្នាំង និងឆ្នាំ២០២០ ធ្វើនៅខេត្តបាត់ដំបង។ ប៉ុន្តែដោយសារការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលក៏បានផ្អាកការរៀបចំព្រឹត្តិការណ៍ទេសចរណ៍នេះអស់ពេល២ឆ្នាំ គឺនៅឆ្នាំ២០២១ និងឆ្នាំ២០២២៕

LEAVE A REPLY

Please enter your comment!
Please enter your name here